(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានប្រជុំពីចម្ងាយក្រោមអធិបតីភាពរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៨៖០០នាទីព្រឹក ដើម្បីបើកសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤។
សម័យប្រជុំនេះនឹងមានរបៀបវារៈដូចខាងក្រោម ៖
* ១៖ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ស្តីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៦ និងលើកទី៧ នីតិកាលទី៤។
* ២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ។
* ៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ឡាវ។
* ៤៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។
* ៥៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើអានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង៕