(ព្រៃវែង)៖ យ៉ាងហោចណាស់ក៏មានសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាឃុំត្នោត ស្រុកកញ្ច្រៀច ចំនួន ១៥០០នាក់ បាននាំគ្នាចូលរួមក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី ៣៩ នីតិកាលទី ៥ ក្រោមអធិបតីភាពលោក ឡុង ស្រេង ប្រធានក្រុមការងារចុះជួយឃុំត្នោត ស្រុកកញ្ច្រៀចខេត្តព្រៃវែង ។
លោក ឡុង ស្រេង បានពន្យល់ប្រជាពលរដ្ឋអំពីការរីកចំរើនរបស់កម្ពុជានៅទូទាំងប្រទេស ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការធ្វើនយោបាយប្រជាភិថុត ការឃាសនាអកុសលរបស់គណបក្សផ្សេងៗ ។ ដូចជាការឃោសនាអំពីករណីដែលបក្សគេឈ្នះឆ្នោត នឹងលុបបំណុលចោលទាំងអស់ តើរឿងនេះវាអាចកើតឡើងបានទេនៅលើពិភពលោក ។
ជាមួយគ្នានេះ លោក ឡុង ស្រេង ក៏បានរំលឹកអំពីអតីតកាលនៃការប្ដូររបបមួយទៅរបបមួយទៀត ដែលបណ្ដាលអោយប្រទេសជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ការកាប់សំលាប់យ៉ាងរង្គាល ការបង្អត់អាហារក្នុងរបបវាលពិឃាត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នោះគឺរបបកម្ពុជាប្រជាធិបតេយ្យជាដើម។ ស្ថិតក្នុងស្ថានភាពយ៉ាងអាក្រក់នេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានទំនាក់ទំនងនិងប្រទេសជិតខាងដើម្បីរំដោះប្រទេសអោយរួចពីរណ្ដៅមរណៈ ។
ក្នុងកាលៈទេសៈប្រទេសជាតិដែលទើបរំដោះនេះ គណបក្សប្រជាជនបានដាក់នូវផែនការសេដ្ផកិច្ច លក់ស្រូវជូនរដ្ឋស្នេហាជាតិ ដើម្បីប្រមូលយកមកនូវភោគផលក្នុងស្រុកសំរាប់ការដោះដូរសេដ្ឋកិច្ចក្នុងស្ថានភាពដែលប្រទេសជាតិទាំងមូលត្រូវហុំព័ទ្ធសេដ្ឋកិច្ច ។ ប៉ុន្តែដោយការឈ្លាសវៃរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្ដេចតេជោហ៊ុន សែន បានធ្វើការយ៉ាងបុិនប្រសព្វជាមួយសម្ដេចសីហនុក្នុងការនាំមកនូវសុខសន្តិភាពជូនជាតិទាំងមូល ។
ជាមួយគ្នានេះលោក ឡុង ស្រេង ក៏បានពន្យល់ប្រជាពលរដ្ឋអំពីការធ្វើនយោបាយភូតកុហក បោកប្រាសប្រជាពលរដ្ផ ចង់បានតែអំណាច ដែលពីមួយថ្ងៃទៅមួយថ្ងៃគិតតែពីអូសទាញអោយសហគមន៍អន្តរជាតិផ្ដាច់ជំនួយ ផ្ដាច់សេដ្ឋកិច្ច ធ្វើយ៉ាងណាអោយប្រជាជនជួបការលំបាក ។
ក្រៅពីការផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី ៣៩ លោកឡុង ស្រេង ក៏បានជ្រោមជ្រែងប្រជាពលរដ្ឋក្នុងឃុំត្នោត អោយមកចាប់អារម្មណ៍និងការធ្វើការអភិវឌ្ឍលើដំណាំចំការ និងការបង្កើតសហគមន៍បន្លែបន្ថែមលើការធ្វើស្រែនាពេលបច្ចុប្បន្ន ។ ជាពិសេសឥឡូវនេះគណបក្សប្រជាជនឃុំត្នោតក្រោមការជ្រោមជ្រែងរបស់នាយឧត្តមសេនីយ៍នេត សាវឿន និងភរិយា បានជំរុញអោយក្រុមការងារឃុំត្នោតធ្វើអោយខាងតែបាននូវការកសាងមជ្ឈមណ្ឌលកុំព្យូទ័រ និងភាសារបរទេស ដើម្បីបង្កើនចំណេះដឹងផ្នែកបច្ចេកវិទ្យាបន្ថែមសំរាប់ផែនការអនាគត របស់យុវជនជំនាន់ក្រោយ ។
បន្ទាប់ពីបញ្ចប់ពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតនិងសណេះសំណាលរួចមកក្រុមការងារជួយឃុំត្នោត ក៏បានចែកជូនសមាជិកម្នាក់ៗ នូវវត្ថុអនុស្សាវរីយ៍ដូចជា កន្សែងពោះគោខ្នាតធំមួយ សាប៊ូលុច្សមួយដុំ ថ្នាំដុះធ្មេញមួយដប ច្រាស់ដុះធ្មេញចំនួន២ផងដែរ៕