(ពោធិ៍សាត់)៖ កម្លាំងអាវុហត្ថខេត្ត សហការជាមួយ កម្លាំងអាវុហត្ថក្រុងពោធិ៍សាត់ និងសម្រួលពីលោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ បង្រ្កាបមុខសញ្ញាចែកចាយថ្នាំញៀន ឃាត់ខ្លួនប្តីប្រពន្ធពីរនាក់ រួម និង វត្ថុតាងមួយចំនួន ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីអាធ្រាត ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិស្ទឹងតូច សង្កាត់រលាប ក្រុងខេត្តពោធិ៍សាត់ ។
លោកវរៈសេនីយ៍ទោ ញឹម នី មេបញ្ជារងនៃទីបញ្ជាការកងអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ថា ក្នុងកិច្ចប្រតិបត្តិការនេះ យើងបានឃាត់ខ្លួនប្តីឈ្មោះ កែវ រ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រែកត្នោត សង្កាត់រលាប ក្រុងពោធិ៍សាត់ និង ប្រពន្ធឈ្មោះ ប៊ុន សុខនី អាយុ២៤ឆ្នាំ រស់នៅភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។
លោកវរៈសេនីយ៍ទោបន្តថា ក្នុងនោះយើងដកហូតវត្ថុតាងរួមមាន សារធាតុញៀនប្រភេទម្សៅក្រាមព័ណ៌សថ្លាចំនួន ៤កញ្ចប់ និង សម្ភារៈដូចជា ម៉ូតូម៉ាកស្មាស់រីវ៉ូសេរីឆ្នាំ២០០៩ ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពាញ 1N-1942 ចំនួន១គ្រឿង ទូរស័ព្ទដៃចំនួន ៤គ្រឿង លុយរៀលចំនួន ១២០០០០០រៀល លុយដុល្លារ ១៣០០ដុល្លារ។
ជនសង្ស័យ រួមទាំងវត្ថុតាង និង សម្ភារៈកំពុងធ្វើការសួរនាំ និង រក្សាទុក នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់នៅឡើយ៕