(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានប្តេជ្ញាថា នឹងប្រឹងប្រែងឲ្យអស់សមត្ថភាព និង កម្លាំង កាយចិត្ត ធ្វើកំណែទម្រង់លើវិស័យដឹកជញ្ជូនឲ្យកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបការចង់បានរបស់រាជរដ្ឋាភិបាល និង បំពេញសេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋខ្មែរ។
ការប្តេជ្ញារបស់លោក បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្រេចផ្លាស់ប្តូររូបលោកពីក្រសួងពា ណិជ្ជកម្ម ទៅកាន់ក្រសួងសាធារណការ និង ដឹកជញ្ជូនក្នុងពេលឆាប់ៗខាងមុខនេះ។ សំណើផ្លាស់ប្តូរត្រូវបានសម្តេចតេជោ ផ្ញើទៅ រដ្ឋសភារួចហើយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ហើយគ្រោងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅថ្ងៃទី៤ ខែមេសា ខាងមុខនេះ។
ការផ្លាស់ប្តូរ លោក ស៊ុន ចាន់ថុល ពីក្រសួងពាណិជ្ជកម្ម ទៅកាន់ក្រសួងសាធារណការ និង ដឹកជញ្ជូន បានធ្វើឲ្យអ្នកព័ត៌មាន និង ប្រជាពលរដ្ឋចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រោយបញ្ចប់សិក្ខាសាលាជស៊េរីនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេក វិទ្យា លោក ស៊ុន ចាន់ថុល ត្រូវបានអ្នកព័ត៌មានចោមរោមសាកសួរព័ត៌មានយ៉ាងច្រើនជុំវិញការផ្លាស់ប្តូរនេះ។
ឆ្លើយតបសំណួរអ្នកព័ត៌មាន លោក ស៊ុន ចាន់ថុល បានហៅការផ្លាស់ប្តូរនេះថា ជារបៀបធ្វើការថ្មីរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យ មានប្រសិទ្ធភាពការងារកាន់តែខ្ពស់ថែមទៀត ហើយលោក ក៏ស្វាគមន៍យ៉ាងកក់ក្តៅផងដែរចំពោះការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន។
លោក ស៊ុន ចាន់ថុល បានប្តេជ្ញាថា លោកនឹងប្រឹងប្រែងឲ្យសមត្ថភាព និងកម្លាំងកាយចិត្ត ដើម្បីធ្វើកំណែទម្រង់នៅក្នុងក្រសួងសាធា រណការ និង ដឹកជញ្ជូន ជាពិសេសការវិស័យដឹកជញ្ជូន និងការផ្តល់សេវាធ្វើស្លាកលេខ ប័ណ្ណបើកបរ ក៏ដូចជាការសាងសង់ផ្លូវ និង ស្តារឡើងវិញផ្លូវដែកជាដើម។
លោក ស៊ុន ចាន់ថុល បានថ្លែងដូច្នេះ «ខ្ញុំត្រឡង់ទៅវិញនេះ ដើម្បីជួយធ្វើម៉េចឲ្យការផ្តល់សេវាឲ្យបានល្អ កសាងផ្លូវផ្នល់ ហេដ្ឋារចនា សម្ព័ន្ធឲ្យបានល្អ រៀបចំធ្វើយ៉ាងណាឲ្យប្រព័ន្ធដឹកជញ្ជូនយើងនេះមានតម្លៃទាបជាងមុន ដើម្បីយើងអាចប្រកួតប្រជែង ងាយស្រួល ទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាយើងផង ក៏ដូចជាការនាំភ្ញៀវទេសចរជាដើម ធ្វើម៉េចឲ្យមានតម្លៃទាបយើងាអាច ប្រកួតប្រជែងជាមួយគេបាន។ ដូច្នេះនេះជាកិច្ចការមួយ ដែលខ្ញុំត្រៀម និងប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងធ្វើឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ អស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីកែទម្រង់ក្រសួងសាធារណការ និង ដឹកជញ្ជូន ឲ្យបានជោគជ័យសម្រាប់ជាតិមាតុភូមិ»។
បើទោះលោកត្រូវផ្លាស់ទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនក្តី លោក ស៊ុន ចាន់ថុល ប្រកាសថា លោកនៅតែត្រៀមខ្លួនជា និច្ចក្នុងការជួយការងារក្រសួងពាណិជ្ជកម្ម ប្រសិនបើលោករដ្ឋមន្រ្តីថ្មីត្រូវការលោកជួយនោះ។
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានប្រកាសអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ ដើម្បីការពារអាយុជីវិតពីគ្រោះថ្នាក់ចរាចរណ៍។
សូមបញ្ជាក់ថា លោក ស៊ុន ចាន់ថុល ធ្លាប់បានធ្វើជារដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូននៅឆ្នាំ២០០៤-២០០៨។
លោក ស៊ុន ចាន់ថុល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន សម្រេចជ្រើសតាំងឲ្យធ្វើជារដ្ឋ មន្រ្តី នៃក្រសួងពាណិជ្ជកម្មកាលពីចុងឆ្នាំ២០១៣។ រយៈពេលជាង ២ឆ្នាំកន្លងមកនេះ លោក ស៊ុន ចាន់ថុល បានក្លាយជារដ្ឋមន្រ្តីលេចធ្លោមួយរូបក្នុងការធ្វើ កំណែទម្រង់លើវិស័យពាណិជ្ជ ដោយបង្កើតឲ្យសមិទ្ធផលថ្មីៗជាច្រើន ដូចជាការបង្កើតប្រព័ន្ធចុះ បញ្ជីពាណិជ្ជកម្មតាមអនឡាញប្រ ព័ន្ធស្នើសុំបញ្ជាក់ប្រភពដើមទំនិញ CO តាមអនឡាញ ការបង្កើតអគ្គនាយកដ្ឋាន និង នាយកដ្ឋានជាច្រើនទៀត ដើម្បីសម្រួល និង ដោះស្រាយការងារពាណិជ្ជកម្ម។
លោក ស៊ុន ចាន់ថុល ក៏បានធ្វើការផ្លាស់ប្តូរនូវនីតិវិធីក្នុងការជ្រើសរើសមន្រ្តីទៅកាន់តួនាទីសំខាន់ៗក្នុងក្រសួងតាមការប្រឡង និង ការចាប់ឆ្នោតជាដើម ហើយលោក ក៏បានសាងសង់ផ្លូវ និង ក្លោងទ្វាចូលក្រសួង ព្រមទាំងសាងសង់អគារក្នុងក្រសួងបន្ថែម ដើម្បីផ្តល់ កន្លែងសម្រាប់មន្រ្តីធ្វើការងារបម្រើសេវាជូនប្រជាពលរដ្ឋ។ ជាពិសេសលោករដ្ឋមន្រ្តីថ្មី នៃក្រសួងពាណិជ្ជកម្មរូបនេះ បានធ្វើការប្រ យុទ្ធប្រឆាំងខ្លាំងជាមួយអំពើពុករលួយ និងការងារបែបគ្រួសារ ឬ បក្ខពួកនិយម៕
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល សន្យាប្រឹងប្រែងឲ្យអស់កម្លាំងកាយចិត្ត និងសមត្ថភាព ដើម្បីធ្វើឲ្យកំណែងទម្រង់ក្រសួងសាធារណការ និងវិស័យទឹកជញ្ជូន ឲ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។
Posted by Fresh News on Saturday, March 19, 2016