(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ពិសេសត្រូវរក្សាអនាម័យខ្លួនប្រាណ និងបរិស្ថាននៅជុំវិញ ផ្ទះរបស់ខ្លួន ដើម្បីចៀសផុតពីជំងឺដង្កាត់ផ្សេងៗដែលអាចកើតមាន ជាពិសេសជំងឺគ្រុនឈាម ក្នុងរដូវភ្លៀងធ្លាក់នេះ ដែលអាចបង្កហានិភ័យខ្ពស់ដល់ជីវិត បើឆ្លងជំងឺកូវីដ១៩បន្ថែមមួយទៀតនោះ។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ទៀតថា «អ្នកជំងឺកូវីដ១៩ ដែលស្លាប់ភាគច្រើន ដោយសារមានជំងឺផ្គុំដទៃទៀត និងមនុស្សចាស់មានប្រព័ន្ធការពារខ្សោយ»។ កន្លងមកអ្នកជំងឺកូវីដ១៩ មានស្ថានភាពធ្ងន់ធ្ងរ និងស្លាប់ គឺដោយសារមានជំងឺរួមផ្សំប្រចាំកាយស្រាប់ ដូចជាលើសឈាម ទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត ហើយពេលនេះដល់រដូវភ្លៀវធ្លាក់ទៀត ដែលនឹងមានជំងឺផ្សេងៗអាចកើតមានឡើង ដូចជាជំងឺគ្រុនឈាមជាដើម ខណៈយើងកំពុងរីករាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ នោះហានិភ័យនឹងកើតមានឡើង បើយើងធ្វេសប្រហេសឱ្យជំងឺទាំងពីរនោះវាយលុកចូលខ្លួនយើង។
ការថ្លែងដូច្នេះ របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី វ្ល៉ាដានកា អានឌ្រីវ៉ា ( Vladanka ANDREEVA) នាយកប្រតិបត្ដិអង្គការ UNAIDS ចូលជួបសម្ដែងការគួរសម និងជម្រាបលា ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា រដូវភ្លៀងធ្លាក់នេះ គឺមានជំងឺគ្រុនឈាម គ្រុនឈីកជាដើម តាមរយៈមូសខ្លាញីខាំ និងជំងឺផ្សេងៗទៀត ដូច្នេះដើម្បីកុំឱ្យហានិភ័យណាមួយកើតឡើង ក្នុងរដូវភ្លៀងធ្លាក់នេះ ត្រូវមានអនាម័យស្អាតជានិច្ច ហើយត្រូវបំបាត់ជម្រកមូសខ្លា អនាម័យជុំវិញផ្ទះ ហើយលាងសម្អាតអាងទឹក ពាងទឹក សំបកកង់ឡាន កង់ម៉ូតូ និងកន្លែងដែលអាចដក់ទឹកនានា។
លើសពីនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្ដអនុវត្ដវិធាន ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន និងចាក់វ៉ាក់សំាងឱ្យបានគ្រប់ៗគ្នា ដែលជាវិធានការដ៏មានប្រសិទ្ធភាព ក្នុងការការពារ ទប់ស្កាត់ជំងឺកូវីដ១៩។
ជាមួយគ្នានោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង អំពាវនាវឱ្យប្រជាពលរដ្ឋ បើមានជំងឺ សូមប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីព្យាបាលឱ្យទាល់ពេលវេលា។ សម្រាប់មន្ដ្រីសុខាភិបាល បានត្រៀមលក្ខណៈជាស្រេច ទាំងផ្ដល់សេវាទូទៅ និងជំងឺកូវីដ១៩ផង ដោយបច្ចុប្បន្ន បានពង្រីកទាំងសេវាពិនិត្យព្យាបាលជំងឺទូទៅ និងកូវីដ១៩ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យថ្នាក់ខេត្ដផងដែរ៕