(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញលិខិតមួយព្រមានដល់ គណបក្សកែទម្រង់កម្ពុជា ដែលជាគណបក្សបង្កើតឡើងដោយអតីតថ្នាក់ដឹកនាំដឹកនាំ នៃគណបក្សសង្រ្គោះជាតិ ដែលបានធ្វើសកម្មភាពនយោបាយ ដោយមិនទាន់បានចុះបញ្ជីផ្លូវការនៅឡើយ។
តាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើទៅកាន់ លោក ទិន សៃ តំណាងស្ថាបនិក នៃគណបក្សកែទម្រង់កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គណបក្សកែទម្រង់កម្ពុជា ពុំទាន់បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃនៅឡើយ។
ក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលកន្លងមកនេះ ក្រសួងបានពិនិត្យឃើញថា គណបក្សកំពុងធ្វើសកម្មភាពនយោបាយនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ដែលសកម្មភាពទាំងនេះ គឺជាាករអនុវត្តបំពានទៅនឹងបញ្ញត្តិមាត្រា៩ និងមាត្រា១៩ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។
ក្រសួងមហាផ្ទៃ ក៏បានព្រមានឱ្យគណបក្សកែទម្រង់កម្ពុជា ឱ្យបញ្ឈប់នូវរាល់សកម្មភាពនយោបាយ នៅតាមមូលដ្ឋាន រហូតដល់គណបក្សនេះ បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ស្របតាមស្មារតី នៃលិខិតរបស់ក្រសួងមហាផ្ទៃ ដូចបានចុះក្នុងយោងខាងលើ។
«គណបក្សកែទម្រង់កម្ពុជា» ត្រូវបានបង្កើតដោយ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ និងបក្ខពួក ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិ នៅឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ បន្ទាប់ពីអស់ជំនឿជាមួយមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ។
កាលបីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ និងបក្ខពួក បង្កើតគណបក្សកែទម្រង់កម្ពុជា ហើយ។ ប៉ុន្តែងដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សកែទម្រង់កម្ពុជា ត្រូវរៀបចំបែបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងផ្លាស់ប្តូរពាក្យ ដែលមាននៅក្នុងសញ្ញាសម្គាល់របស់គណបក្សផងដែរ៕