(ព្រះវិហារ)៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបាននាំយកទៅប្រគល់ជូនដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះ មហន្តរាយ នៃកងពលធំអន្តរាគមន៍លេខ៣ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតំណាងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរងជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះលោក ច័ន្ទ លំផាត់ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងលោកទេសរដ្ឋមន្ត្រី គន់ គីម ផ្ញើជូនដល់នាយទាហាន នាយទាហានរង ក៏ដូចជាក្រុមការងារប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយរបស់កងពលធំអន្តរាគមន៍លេខ៣នាពេលនេះ។

លោក ច័ន្ទ លំផាត់ បានថ្លែងទៀតថា សម្ភារបរិក្ខា ដែលយកមកបំពាក់ឲ្យកងប្រតិបត្តិការរុករកសង្គ្រោះលេខ៧២១ របស់កងពលធំអន្តរាគមន៍លេខ៣នៅពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន។

លោកក៏បានថ្លែងអំណរគុណដល់លោកអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លោកអគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលក្នុងរយៈពេលកន្លងមកលោកតែងតែយកចិត្តទុក ដាក់គិតគូរខ្ពស់ក្នុងការ រៀបចំជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីឲ្យតាមបណ្តាកងឯកភាពកងទ័ពរបស់យើងនៅថ្នាក់យោធភូមិភាគ ថ្នាក់បញ្ជាការដ្ឋាន និងថ្នាក់កងពលធំ កងពលតូចមួយចំនួនបង្កើត បានជាកងអន្តរាគមន៍សម្រាប់ប្រតិបត្តិការរុករកនៅពេលដែលមានគ្រោះមហន្តរាយកើតឡើងនៅក្នុងភូមិសាស្ត្រទូទាំងប្រទេសរបស់យើង។

ក្នុងនាមលោកទេសរដ្ឋមន្ត្រី គន់ គីម, លោក ច័ន្ទ លំផាត់ បានថ្លែងណែនាំឲ្យក្រុមការងារដែលទទួលបានសម្ភារបរិក្ខាទាំងអស់នេះ ត្រូវថែរក្សាអោយបានល្អដើម្បីឲ្យការប្រើប្រាស់បានយូរអង្វែង។ លើសពីនេះទៅទៀតសម្ភារ ទាំងអស់នេះ អាចយកទៅប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ ក្នុងករណីចាំបាច់ក្រៅពីបម្រើឲ្យករណីគ្រោះមហន្តរាយ។

ជាពិសេសត្រូវប្រុងប្រយ័ត្នពីជំងឺកូវីដ១៩ ដោយអនុវត្តន៍ឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងអង្គភាពយើងពីជំងឺកូវីដ១៩។

ក្នុងនាមលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក្នុងនាមនាយ នាយរង និងពលទាហាន និងគ្រួសារកងទ័ពចំណុះកងទ័ពធំអន្តរាគមន៍លេខ៣ទាំងមូល សូមគោរពនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខគ្រប់បែបយ៉ាង ដល់កូនចៅទាំងអស់គ្នានៅទីនេះ ហើយក៏សូមគោរពការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជានិច្ចជាកាលតែអាណិតស្រឡាញ់ យកចិត្តទុកដាក់នៅរួមសុខរួមទុក្ខ ជាមួយបងប្អូនកូនចៅទាំងអស់គ្នា នៅទីនេះ ទាំងពេលអតីតកាលក៏ដូចជាពេលបច្ចុប្បន្ននិងបន្តទៅអនាគត៕