(កំពង់ឆ្នាំង)៖ រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិល មានទីតាំងស្ថិតនៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយប្រ មាណ៦៥ឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង។ គេអាចធ្វើ ដំណើរតាមផ្លូវជាតិលេខ៥៣ ឬតាមផ្លូវជាតិលេខ៥ ដល់ស្រុកបរិបូរណ៍បត់ចូលឆ្ពោះត្រង់ទៅរមណីយដ្ឋានតែម្តងក៏បាន។
លោក សោ ភា ប្រធានសហគមន៍ទេសចរណ៍ខាងលើនេះ បានឲ្យដឹងថា សហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល បានកើតឡើងនៅក្នុងឆ្នាំ២០១៦ ដែលមានសមាជិកសហគមន៍សរុបជាង ៤០០គ្រួសារ ក្នុងនោះមានសមាជិក សកម្មចំនួន៣៣គ្រួសារ។ តំបន់ព្រៃភ្នំទឹកជ្រោះធ្លាក់ធម្មជាតិមានទំហំប្រមាណ ៣៦០ហិកតា ដែលសហគមន៍កំពុងគ្រប់គ្រង និងកំពុងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ធម្មជាតិស ម្រាប់ស្វាគមន៍ភ្ញៀវមកលេងកម្សាន្ត។
ចក្ខុវិស័យរបស់សហគមន៍ គឺអភិវឌ្ឍតំបន់អេកូទេសចរណ៍ធម្មជាតិនេះ ឲ្យស្របតាមស្តង់ដារតាមក្រសួងទេសចរណ៍បានកំណត់ ដើម្បីរកចំណូលមកផ្គត់ផ្គង់សមាជិកសហគមន៍ជាង៤០០គ្រួសារ ដែលធ្លាប់ប្រកបមុខរបរ កាប់ឈើក្នុងព្រៃភ្នំ បែរមកបង្កបង្កើនផលដាំដុះបន្លែបង្ការដំណាំហូបផ្លែ ចិញ្ចឹមសត្វ ដើម្បីលក់ដូរផ្គត់ផ្គង់ភ្ញៀវដែលមកលេងកំសាន្តនៅក្នុងតំបន់ទេសចរណ៍មួយនេះវិញ។
ជាមួយគ្នានេះដែរ ថវិកាចំណូលបានមកភ្ញៀវដែលបានចូលមកលេងកម្សាន្តមួយចំនួនទៀត គឺយកមកអភិរក្សតំបន់ព្រៃឈើធម្មជាតិ ដែលរងការបំផ្លិចបំផ្លាញឲ្យលូតលាស់ល្អឡើងវិញ និងថែរក្សាការពារឲ្យបានគង់វង្សតទៅអនាគត។
លោក សោ ភា ប្រធានសហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល បានបញ្ជាក់ទៀតថា ក្រោមការយកចិត្តទុកដាក់គិតគូរ និងដឹកនាំការអភិវឌ្ឍពីសំណាក់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង ទទួលបន្ទុកទេសច រណ៍កន្លងមក គឺបានផ្ដួចផ្ដើមរៀបចំតាំងពីតំបន់ទេសចរណ៍មួយនេះ មិនទាន់មានអ្វីសោះឡើយ គឺតាំងពីឆ្នាំ២០១៩ មកដល់ពេលនេះ សហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលបានអភិវឌ្ឍ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជា ង៧គីឡូម៉ែត្រចូលទៅតំបន់ទេសចរណ៍បច្ចុប្បន្នខាងលើនេះ ដែលអាចធ្វើដំណើរមកកាន់តំបន់ទេសចរណ៍បានយ៉ាងងាយស្រួល។
ដោយឡែក នៅក្នុងតំបន់រមណីយដ្ឋានវិញ បានកសាងស្ពានឈើឆ្លងកាត់ជ្រលងអូរសម្រាប់លេងកម្សាន្តចំនួន៥កន្លែង កសាងកញ្ចុសតូចធំសម្រាប់ភ្ញៀវលំហែកាយ ឬអង្គុយទទួលទានអាហារ លេងកំសាន្តនៅមាត់ជ្រាំងទឹក ធ្លាក់ បានចំនួន៣៥កញ្ចុស កសាងបន្ទប់ទឹក និងបង្គន់អនាម័យបាន២កន្លែងស្មើនិង១០បន្ទប់។ សមិទ្ធផលទាំងអស់នេះ គឺជាស្នាដៃដឹកនាំកសាងរបស់លោក ស៊ុន សុវណ្ណារិទ្ធ បានកែច្នៃធ្វើឱ្យរមណីយដ្ឋានទេសចរណ៍ទឹក ធ្លាក់ស្រែអំពិលមួយនេះ ទាក់ទាញភ្ញៀវទេសចរណ៍មក លេងកំសាន្តបានកើនឡើងជាបន្តបន្ទាប់ដែលពេលខ្លះមានរថយន្តរបស់ភ្ញៀវទេសចរណ៍រហូតទៅដល់ជាង៣០០ គ្រឿងផងដែរ។
ទាក់ទងនិងសេវាផ្គត់ផ្គង់ភ្ញៀវទេសចរណ៍វិញ លោក សោ ភា បានឲ្យដឹងថា តម្លៃរថយន្តមួយគ្រឿង៥ពាន់រៀល ចតនៅខាងក្រោម និងបើឡើងទៅចតនៅល្បាក់ខាងលើជាប់ នឹងជ្រលងជ្រោះ ត្រូវបង់ថែម១ម៉ឺនរៀលទៀត ប៉ុន្តែចំណ តរថយន្តចតខាងលើត្រូវមានចំនួនកំណត់ ដោយមិនអាចឱ្យរថយន្តឡើងទៅចតនៅរបាក់ខាងលើបានច្រើននោះឡើយ ព្រោះមានទីធ្លាតូច ហើយជាតំបន់ផ្លូវតូចចង្អៀតខ្លាចមានគ្រោះថ្នាក់ដល់ភ្ញៀវ។ ចំណែតកន្លែងភាស៊ីផ្ញើម៉ូតូ ១គ្រឿង២ពាន់រៀល កញ្ចុះនិមួយៗតម្លៃពី១៥០០ រៀល ទៅ៤ម៉ឺនរៀល ដែលអាចអង្គុយបាន៤វង់ តាមតូចតាមធំ។ ចំណែកម្ហូបអាហារវិញមិនថ្លៃពេកនោះទេ គឺមាន់ស្រែដុតមួយទម្ងន់ជាងមួយគីឡូតម្លៃពី៣ទៅ៤ម៉ឺនរៀល។
ភ្ញៀវដែលបានចូលមកលេងកម្សាន្ត សហគមន៍បានរៀបចំកន្លែងកត់ឈ្មោះ និងអត្តសញ្ញាណរបស់ភ្ញៀវទេសចរ ដោយមានកន្លែងបាញ់អាកុល និងពិនិត្យកំដៅមុនពេលចូលទៅកម្សាន្តក្នុងតំបន់ទេសចរណ៍។ ករណីមានភ្ញៀវមា នកំដៅហួសពីការកំណត់និងមានការសង្ស័យ ត្រូវបញ្ជូនទៅកាន់មណ្ឌលសុខភាពពិនិត្យសំណាកធ្វើតេស្តរហ័សបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលតំបន់ទេសចរណ៍។
ចំណែកអ្នកលក់ដូរនៅក្នុងរមណីយដ្ឋានខាងលើនេះស្ត្រីឈ្មោះ ស៊ីណា ជាអ្នកលក់ដូរម្ហូបអាហារ ក្នុងសហគមន៍ទេសចរណ៍ បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃសោរ៍អាទិត្យមុន មានភ្ញៀវទេសចរណ៍ចំនួន៦៤រថយន្ត និងជិះម៉ូតូជាង ៥០គ្រឿង មកលេងកំសាន្តស្មើនឹងមនុស្សជាង៣០០នាក់ ដោយគ្មានកញ្ចុះអង្គុយលេងគ្រប់គ្រាន់នោះទេ។ បច្ចុប្បន្ននេះក៏មានភ្ញៀវបានមកស្នាក់នៅពេលយប់តាមកញ្ចុះផងដែរ ដោយមានការយាមការពារពីសំណាក់សន្តិសុខ ជាប្រជាការពាររបស់សហគមន៍ ប្រកបដោយសុវត្ថិភាពល្ផ ដោយមិនមានការព្រួយបារម្ភដល់ភ្ញៀវនោះឡើយ។
ដូចនេះសហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល សូមអំពាវនាវដល់ភ្ញៀវទេសចរណ៍ជិតឆ្ងាយ អញ្ជើញមកលេងកម្សាន្តតំបន់ទេសចរណ៍ទឹកធ្លាក់ធម្មជាតិស្រែអំពិល ដែលជាតំបន់ព្រៃភ្នំធម្មជាតិពិតៗភ្ញៀវទេសចរណ៍ ដែលបានមកលេងកម្សាន្តនៅទីនេះពិតជាបានសប្បាយរីករាយផុតទុក្ខកង្វល់ជាក់ជាមិនខានឡើយ តែភ្ញៀវដែលបានចូលទៅលេងកំសាន្តទាំងអស់ត្រូវអនុវត្តតាមវិធាន «៣កុំ និង៣ការពារ»៕