(បន្ទាយមានជ័យ)៖ លោក អ៉ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ត្រីមូលដ្ឋាននាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ អញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភដល់ប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ចំនួន៤២គ្រួសារ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ក្នុងមួយគ្រួសាររួមមាន អង្ករ ២៥គីឡូក្រាម, មី១កេស,ទឹកស៊ីអុីវ ១យួរ ទឹកត្រី១យួរ និងត្រីខ១យួរ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចទាំងទ្វេរតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។

ក្នុងឱកាសនោះលោក អ៉ំ រាត្រី បានបញ្ជាក់ថា «យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ»

ជាមួយគ្នានោះ អភិបាលខេត្ត បានអំពាវនាវឲ្យបងប្អូនទាំងអស់ចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន «៣ការពារ និង៣កុំ» តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនោះមាន៖ «៣ការពារ និង៣កុំ» គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល៕