(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេសេចក្តីជូនដំណឹងមួយ ស្តីពីការចាប់ផ្តើមអនុវត្តការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ដោយប្រតិបត្តិករថ្មី។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា ប្រតិបត្តិករថ្មីចំនួន៣ នឹងចាប់ផ្តើមស្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ តទៅ នៅតំបន់ចំនួន៣ នៃខណ្ឌទាំង១៤ ដោយឡែកពីគ្នាដូចខាងក្រោម៖

១៖ ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited នឹងត្រូវផ្តល់សេវា ក្នុងតំបន់ទី១ ដែលមាន៥ខណ្ឌ គឺខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។

២៖ ក្រហ៊ុន Mizuda Group Co., Ltd នឹងត្រូវផ្តល់សេវា ក្នុងតំបន់ទី២ ដែលមាន៥ខណ្ឌ គឺខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោរ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។

៣៖ ក្រុមហ៊ុន CINTRI (Cambodia)/Everbright (China) នឹងត្រូវផ្តល់សេវាក្នុងតំបន់ទី៣ ដែលមាន៤ខណ្ឌ គឺខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ។

បើតាមរដ្ឋបាលរាជធានី ក្នុងដំណាក់កាលអន្តរកាល នៃការផ្ទេរការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណង់រឹង ពីប្រតិបត្តិករចាស់ទៅប្រតិបត្តិករថ្មី គឺអាចនឹងមានភាពរអាក់រអួលខ្លះៗ នៃការផ្តល់សេវា ជាពិសេសនៅតំបន់ដែលទទួលខុសត្រូវដោយប្រតិបត្តិករថ្មី។

អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាម សំណល់រឹងរបស់ខ្លួន តាមការកំណត់ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាអនាម័យ និងបរិស្ថាននៅរាជធានីភ្នំពេញ ឱ្យបានស្អាតល្អជានិច្ច និងមេត្តាយោគយល់ចំពោះការរអាក់រអួលនៃការចាប់ផ្តើមនេះ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖