(ភ្នំពេញ)៖ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានប្រកាសថា ក្នុងរយៈពេល១០០ឆ្នាំមកនេះ គណបក្សកុម្មុយនិស្តចិន បានប្រែក្លាយពីបក្សទន់ខ្សោយមួយទៅជាបក្សធំ និងខ្លាំងក្លាមួយនៅលើពិភពលោក ហើយសមាជិកបក្សក៏បានកើនឡើងក្នុងចំនួនច្រើនសន្ធឹកសន្ធាប់ផងដែរ។ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានប្រកាសថា រយៈពេល ១០០ឆ្នាំនេះ សមាជិកបក្សបានកើនពីត្រឹមតែ ៥០នាក់ រហូតដល់ជាង ៩៥លាននាក់ គិតត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។
ក្នុងឱកាសប្រារព្ធខួប១០០ឆ្នាំនៃថ្ងៃកំណើតបក្ស គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានគូសបញ្ជាក់ថា សមាជិករបស់ខ្លួនបានកើឡើងជាបន្តបន្ទាប់ ក្នុងនោះសមាជិកបក្សវ័យក្មេងក៏បន្តកើនឡើង។ អត្រាសមាជិក និងសមាជិកាជាជនជាតិភាគតិចបានកើនឡើងឥតឈប់ឈរ។ កម្មករ និងកសិករនៅតែជាចំណែកដ៏សំខាន់នៃបក្ស។
នៅក្នុងឱកាសពិសេសនៃការអបអរខួប ១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិននាពេលនេះ បុគ្គលឈានមុខគ្រប់មជ្ឈដ្ឋានចំនួនកាន់តែច្រើនឡើងៗបានដាក់ឈ្មោះសុំចូលជាសមាជិកបក្ស។
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានគូសបញ្ជាក់ថា លទ្ធផលទាំងនេះ សុទ្ធតែជាការបង្ហាញឱ្យឃើញថា បក្សកុម្មុយនិស្តចិនប្រកបដោយភាពរស់រវើក ហើយបុព្វហេតុបក្សកុម្មុយនិស្តចិនពោរពេញដោយភាពរីកចម្រើនដ៏ខ្លាំង។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ធ្លាប់បានលើកឡើងក្នុងបទអត្ថាធិប្បាយរបស់ខ្លួនថា ឆ្លងកាត់ការតស៊ូពុះពាររាល់លំបាកអស់រយៈពេលមួយសតវត្សរ៍មកនេះ បក្សកុម្មុយនិស្តចិន បានអភិវឌ្ឍន៍ខ្លួនទៅជាគណបក្សកាន់អំណាចធំជាងគេលើពិភពលោក។
លោកឯករដ្ឋទូត បានលើកឡើងដែរថា ប្រទេសចិនបច្ចុប្បន្ននេះ បានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ នៅលើពិភពលោក ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗជាមធ្យម មានចំនួនលើសពី ១ម៉ឺនដុល្លារអាមេរិក ហើយបានលុបបំបាត់បញ្ហាភាពក្រីក្រទាំងស្រុង និងបានរួមចំណែកជាង៣០% សម្រាប់អត្រាកំណើនសេដ្ឋកិច្ចពិភពលោកពេញមួយឆ្នាំ។
ប្រឈមមុខជាមួយបញ្ហាជំងឺវីរុសកូវីដ-១៩ ដែលពុំធ្លាប់មាន ប្រទេសចិនទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនគួរឱ្យកត់សម្គាល់ ក្នុងការទប់ស្កាត់លើជំងឺមួយនេះ ហើយមានចំនួននៃការចាក់វ៉ាក់សាំងកូវីដលើសពី១ពាន់លានដូស និងចំនួនវ៉ាក់សាំងកូវីដដែលបាននាំចេញទៅក្រៅប្រទេសលើសពី ៣០០លានដូស។ ត្រឹមឆ្នាំ២០២០ ចិនបាននាំចេញម៉ាសចំនួនជាង២២៤.២ពាន់លានបន្ទះ សម្លៀកបំពាក់ការពារមានចំនួន២.៣១ពាន់លានសម្រាប់ និងម៉ាស៊ីនដកដង្ហើមចំនួន ២៧.១ម៉ឺនគ្រឿង៕