(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល បានលើកឡើងថា សុខសន្តិភាព និងភាពសម្បូរសប្បាយរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ គឺមិនអាចបំភ្លេចឡើយពីការចូលរួម របស់អតីតយុទ្ធជនទាំងអស់គ្នា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការលើកឡើងបែបនេះ របស់លោកឧត្តមសេនីយ៍ត្រី សំ តុលា បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល និងឧបត្ថម្ភដល់អតីតយុទ្ធជនចំនួន១១រូប នាថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០២១។
មេបញ្ជាការរូបនេះ សូមអរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព ការឯកភាពជាតិពេញលេញដល់កម្ពុជា និងដឹងគុណចំពោះ អតីតយុទ្ធជន ដោយកន្លងមកបានលះបង់អាយុជីវិត ហ៊ានធ្វើពលីកម្ម តស៊ូគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិ ទើបបានធ្វើឱ្យប្រទេសរបស់យើងទទួលបាននូវសុខសន្ដិភាព មានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។
លោកមេបញ្ជាការ បានផ្ដាំផ្ញើរអតីតយុទ្ធជនទាំង១១រូប ត្រូវថែទាំសុខភាព និងអនុវត្តន៍វិធានការ «៣ការពារ និង៣កុំ» ដើម្បីកាត់ផ្ដាច់ជំងឺកូវីដ១៩ ព្រមទាំងបានឧបត្ថម្ភថវិការ និងស្បៀងអាហារផងដែរ៕