(ភ្នំពេញ)៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានវាយតម្លៃថា សហគមន៍អន្តរជាតិនៅតែផ្តល់ជំនួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យសកម្មភាពមីន តាមរយៈគម្រោងបោសសម្អាតមីន ក្នុងគោលដៅបញ្ចប់ការគំរាមកំហែងដោយសារមីននៅត្រឹមឆ្នាំ២០២៥។
ការលើកឡើងបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ តាមរយៈប្រព័ន្ធវីដេអូ ដែលដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍រួមមាន៖ អង្គការ UNDP ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃសាធារណរដ្ឋកូរ៉េ (KOICA) និងប្រទេសនូវែលសេឡង់។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យលើលទ្ធផលសម្រេចបានក្នុងឆមាសទី១ និងផែនការសកម្មភាពការងារក្នុងឆមាសទី២ ឆ្នាំ២០២១ នៃការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ «ចំពោះការអនុវត្តគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល និងបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់ប្រជាជន និងរដ្ឋាភិបាល នៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងណូវែលហ្សឺឡង់ និងអង្គការ UNDP ដែលបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ រយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២៥ សរុបថវិកាប្រមាណ ២០លានដុល្លារ ដោយផ្តោតទៅលើសកម្មភាពចំនួន៣ រួមមាន៖
*ទី១៖ ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
*ទី២៖ គាំទ្រសកម្មភាពកិច្ចសង្គ្រោះជនពិការ ការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងការបញ្ជ្រាបយេនឌ័រ
*ទី៣៖ ពង្រឹងសមត្ថភាពថ្នាក់ជាតិ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់ នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ (NMAS) ដើម្បីសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាគ្មានមីននៅឆ្នាំ២០២៥» និងស្របតាមសំណើសុំពន្យាពេលបោសសម្អាតមីនលើកទី២ របស់កម្ពុជា ព្រមទាំងការបញ្ចប់ការអនុវត្តផែនការបីឆ្នាំរបស់ NMAS ដំបូង ២០១៨-២០២០ ប្រកបដោយជោគជ័យ ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ១,១២០,៤៩៧នាក់។
ទេសរដ្ឋមន្រ្តី បានបន្តទៀតថា តាមការវិភាគលទ្ធផលនៃការអនុវត្ត NMAS ផែនការ៣ឆ្នាំដំបូង បានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវភាពចាំបាច់ ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងកៀរគរធនធានបន្ថែម និងការបង្កើតឱ្យមាន ក្រុមការងារបច្ចេកទេស ដើម្បីពិភាក្សាលើវិធីសាស្រ្តបោសសម្អាត និងការរំដោះផ្ទៃដីប្រកបដោយសុវត្ថិភាព និងលឿនជាងមុន ដែលលទ្ធផលដំបូងនេះ បានក្លាយជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តផែនការរយៈពេល៣ឆ្នាំ លើកទី២ របស់យើងចាប់ពីឆ្នាំ២០២១-២០២៣។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី ក៏បានជម្រាបប្រាប់អង្គប្រជុំអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើការរៀបចំគោលការណ៍ភូមិអស់ការគម្រាមដោយសារមីន (Mine Free Village Guideline) ដែលនឹងត្រៀមរៀបចំសាកល្បងនៅក្នុងខេត្តកែប ហើយលទ្ធផលនេះ នឹងត្រូវបង្ហាញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលនៅចុងឆ្នាំនេះ ព្រមទាំងនឹងត្រូវបានដាក់ចេញ ឱ្យអនុវត្តន៍នៅទូទាំងប្រទេសផងដែរ។
លោក Nick Beresford តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានសម្តែងអបអរសាទរចំពោះអាជ្ញាធរមីន ដែលបានអនុវត្តដោយជោគជ័យនូវគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ដោយបានសហការយ៉ាងជិតស្និទ ជាមួយ UNDP ក្នុងរយៈពេលជាង១៥ឆ្នាំកន្លងមក ដើម្បីរួមគ្នាបន្តដំណើរជួយសង្គ្រោះជិវិត និងរំដោះដី សុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយអង្គការ UNDP នៅតែបន្តតាំងចិត្តយ៉ាងមុតមាំ និងឈរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនោះ លោក Nick Beresford ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំយ៉ាងសកម្ម ក្នុងការងារប្រយុទ្ធប្រឆាំងនូវការរីករាលដាលជំងឺឆ្លងកូវីដ១៩។
តំណាងប្រទេសអូស្ត្រាលី គឺលោក Ryan Tierney ជាលេខាទូតទី១ នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានសម្តែងនូវការគាំទ្រនូវការដាក់ចេញនូវគ្រប់សកម្មភាព ក្នុងផែនការអនុវត្តគម្រោង ហើយជឿជាក់លើសមត្ថភាព របស់អាជ្ញាធរមីន ក្នុងការអនុវត្តគម្រោងរហូតដល់ឆ្នាំ២០២៥ និងការសម្របសម្រួលពីដៃគូ UNDP គម្រោងបោសសម្អាតមីនដំណាក់កាលទី៤ នឹងទទួលជោគជ័យតាមផែនការដែលបានឯកភាព។
លោកស្រី JI Yea Kyung នាយករងប្រចាំប្រទេស នៃភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ KOICA នៅកម្ពុជា ក្នុងនាមរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានទទួលស្គាល់ថារាល់សកម្មភាព ដែលបានដាក់ចេញក្នុងផែនការវិស័យ សកម្មភាពមីននៅកម្ពុជា ពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងគាំទ្រដែលគម្រោង បានផ្តោតលើខេត្តអាទិភាព។
លោកស្រីបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ មានសេចក្តីសប្បាយរីករាយ ដែលបានធ្វើជាដៃគូ និងជាមិត្តល្អ ជាមួយប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្នុងនោះការចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន មិនមែនគ្រាន់តែដើម្បីថែរក្សាសន្តិភាពប៉ុណ្ណោះទេ គឺដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់ភាពរុងរឿងរបស់ប្រទេសកម្ពុជា។
លោក Ellitt Kirton តំណាងស្ថានទូតប្រទេសណូវែលហ្សឺឡង់ ប្រចាំនៅប្រទេសថៃ បានសម្តែងនូវការពេញចិត្តចំពោះការគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤។
ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នាដូចតទៅ៖
*ទី១៖ អាជ្ញាធរមីន និង UNDP រៀបចំធ្វើបច្ចុប្បន្នភាពឯកសារគម្រោង (Project Document) ដើម្បីបន្ថែមសកម្មភាពចាំបាច់មួយចំនួន បន្ទាប់ពីការវាយតម្លៃនានា ក្នុងការអនុវត្តកន្លងមក
*ទី២៖ បន្តសកម្មភាពគម្រោងតាមផែនការឆមាសទី២ ឆ្នាំ២០២១។
*ទី៣៖ ឯកភាពលើដំណើរទស្សនកិច្ចពិនិត្យប្រតិបត្តិការបោសសម្អាតមីននៅទីវាល និងពិនិត្យតម្រូវការនានារបស់ប្រជាជន បន្ទាប់ពីទទួលដីសុវត្ថិភាព។
ក្រៅពីម្ចាស់ជំនួយក្នុងគម្រោងនេះ មានប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ដទៃទៀត បាននឹងកំពុងចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការងារបោសសម្អាតមីននៅកម្ពុជា រួមមាន៖ សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ស្វីស ចិន ន័រវែស កាណាដា អៀរឡង់ និង UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។
គិតត្រឹមខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមលើផ្ទៃដីចំនួន ២,២២១គីឡូម៉ែត្រការ៉េ រកឃើញ និងកម្ទេចគ្រាប់មីនប្រឆាំងមនុស្សបានចំនួន ១,១០៣,១៩២គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៥,៦០៣គ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ២,៩០៩,៧៦៤គ្រាប់ ដោយមានអ្នកទទួលផល ៣,៣៣៥,៦៨៦គ្រួសារ និង៧,១៩៦,៩៦៥នាក់ ហើយផ្ទៃដីដែលបានបោសសម្អាតរួច ត្រូវបានយកមកប្រើប្រាស់សម្រាប់វិស័យកសិកម្ម ៨៧% និងផ្ទៃដីនៅសល់ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងផ្សេងទៀតដូចជា សាងសង់លំនៅដ្ឋាន សាលារៀន មណ្ឌលសុខភាព ហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយគ្រោះថ្នាក់ ជាដើម៕