(ក្រចេះ)៖ លោក សេក ប៊ុនហេង អភិបាលក្រុងក្រចេះ បានដឹកនាំអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ចចម្រុះ ចុះអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្តីពីការបិទខ្ទប់ផ្សារសាមគ្គីក្រុងក្រចេះ ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ជាបន្តបន្ទាប់។
លោកអភិបាលក្រុង បានបញ្ជាក់ថា «កាលពីវេលាម៉ោង ១២យប់ថ្ងៃទី២៩ ខែមិថុនា អាជ្ញាធរក្រុង សហការជាមួយកម្លាំងនគរបាលខេត្ត អាវុធហត្ថខេត្ត បានចុះបិទខ្ទប់ទីតាំអផ្សារសាមគ្គីក្រុងក្រចេះ តាមសេចក្តីសម្រេចរបស់ រដ្ឋបាលខេត្តក្រចេះ»។
លោកបានបន្តថា ក្រោយពីបិទផ្សារសាមគ្គីក្រុងក្រចេះ ក្រុមការងារកំពុងតែស្រាវជ្រាវបន្ថែមទៀត រកអ្នកវិជ្ជមានកូវីដ១៩ ពីព្រោះមានច្រើនករណីកើតលើអាជីវករលក់ក្នុងផ្សារ។
លោកបានបញ្ជាក់ទៀតថា កាពីយប់មិញនេះ លោកបានដឹកនាំក្រុមកាងារ ចុះហ៊ុព័ទ្ធបិទខ្ទប់ទីតាំងផ្សារខាងលើ ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្តទៀត ព្រោះពេលនេះអាជ្ញាធរនៅមិនទាន់គ្រប់គ្រងសភាពការណ៍បាន ទើបត្រូវបិទខ្ទប់។ បើមិនបិទខ្ទប់ទេពួកគាត់ នៅតែធ្វើចរាចរលក់ដូរក្នុងផ្សារ ដូចធម្មតា នោះនឹងធ្វើឱ្យមានការប៉ះពាល់គ្នាកាន់តែច្រើន រីករាលដាល់នៃជំងឺកូវវីដ១៩ កាន់តែខ្លាំងឡើង៕