(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តជូនដល់ប្រជាពលរដ្ឋចំនួន ២១០គ្រួសារ ដែលកំពុងស្ថិតនៅតំបន់បិទខ្ទប់ ក្នុងភូមិរកា ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

នាឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយសម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោកអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំង ២១០គ្រួសារ ត្រូវអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺ១៩ ពិសេសអនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន គឺ «៣ការពារ និង៣កុំ» ឱ្យបានដើម្បីបញ្ចៀសនូវការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រនេះផ្ទាល់ និងដើម្បីកាត់ផ្ដាច់នូវខ្សែចម្លង មិនឱ្យមានការឆ្លងចូលក្នុងសហគមន៍បន្ថែមទៀត។

ទន្ទឹមនឹងនេះដែរលោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងភូមិរកា ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានធ្វើការរោងចក្រនៅស្រុកអង្គស្នួល និងបានឆ្លងជំងឺកូវីដ១៩ ហើយគិតមកទល់ពេលនេះមានប្រជាពលរដ្ឋចំនួន៤២នាក់ បានរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ នៅក្នុងភូមិរកា និងត្រូវបានដាក់ជា «តំបន់លឿងទុំ» កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

គួរជម្រាបថា អំណោយមនុស្សធម៌ ដែលសាខាបានផ្ដល់ជូនក្នុងម្នាក់ទទួលបាន៖ អង្ករ ២០គីឡូក្រាម, ទឹកសុទ្ធ ១កេស, ត្រីខ ១យួរ, មី ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ជែល១ដប, ម៉ាស ១០បន្ទះ និងថវិកា ៣ម៉ឺនរៀល៕