(ស្វាយរៀង)៖ មន្ត្រីរាជការ និងប្រជាពលរដ្ឋមួយចំនួន នៅខេត្តស្វាយរៀង បានរិះគន់អាជ្ញាធរឃុំសំបួរ និងស្រុកស្វាយទាប ដែលបានបណ្តែតបណ្តោយឲ្យមានការចាក់ដីរំលោភយកដីព្រែកធម្មជាតិ ហើយថែមទាំងសង់សំណង់រឹងមាំធ្វើជាអាហារដ្ឋាននៅចំកណ្តាលព្រែកប្រសូត្រទៀតផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ អភិបាលស្រុកស្វាយទាបលោក ម៉ែន សារ៉ាន់ ឆ្លើយថា រឿងហ្នឹងចង់ហួសដែនសមត្ថកិច្ចរបស់ស្រុកហើយ។ ការលើកឡើងនេះ បានធ្វើឲ្យអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ១ មកដល់ត្រង់ចំណុចស្ពានប្រសូត្រ ក្រឡេកមើលហើយហួសចិត្តគ្រប់គ្នា។

ប្រជាពលរដ្ឋបានឲ្យដឹងថា ករណីចាក់ដីលប់ព្រែក និងសង់សំណង់នៅកណ្តាលព្រែកនេះ នៅចំណុចខាងជើងស្ពានប្រសូត្រចម្ងាយ៧០ម៉ែត្រ ស្ថិតនៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប មានម្ចាស់សំណង់ឈ្មោះ ហេង ចំណូល ភេទប្រុស អាយុជាង៤០ឆ្នាំ មុខរបរអាជីវករលក់ជីកសិកម្មនៅភូមិ ឃុំកើតហេតុខាងលើ។

បើតាមឈ្មោះ ហេង ចំណូល ដែលជាអ្នកចាក់ដីលុបព្រែក និងសាងសង់សំណង់លើដីព្រែក បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការចាក់ដីលុបព្រែកប្រសូត្រនោះមិនពិតទេ គឺលោកចាក់តែនៅលើដី កម្មសិទ្ធិដែលបានទិញពីអ្នកជិតខាង ក្នុងគោលបំណងសង់ធ្វើជារោងជួល ការ បុណ្យ ឬសាលប្រជុំ និងជាហាងអាហារដ្ឋាន លក់កាហ្វេ ។ល។ ហើយលោកបានដាក់សំណើរសុំទៅរដ្ឋបាលស្រុកស្វាយទាប សុំអនុញ្ញាតសង់ជាកញ្ចុះ ផ្ទះបណ្តែតទឹក ធ្វើជាអាហារដ្ឋាន និងរៀបចំ អភិវឌ្ឍន៍ជារមណីដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ បានចូលមកសម្រាកលម្ហែកាយ នៅពេលទំនេរ និងកំសាន្តនៅពេលយប់ដើម្បីផ្តល់ការងារដល់ប្រជាពលរដ្ឋធ្វើផងដែរហើយនិងសម្អាតស្មៅក្នុងព្រែក ប្រសូត្រដើម្បីកែរលម្អរសោភណ្ឌ័ភាពនិងបរិស្ថាន។

ទាក់ទិនករណីនេះដែរលោក ម៉ែន សារ៉ាន់ អភិបាលស្រុកស្វាយទាប បានបញ្ជាក់នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះថា លោកបានទទួលព័ត៌មាននេះហើយ ចំពោះវិធានការណ៍វាចេះតែមានហើយ ប៉ុន្តែវាចង់ហួសដែនសមត្ថកិច្ច របស់ស្រុកហើយ ពីព្រោះម្ចាស់សាងសង់នេះបានសុំអាជ្ញាប័ណ្ណ សុំការសាងសង់នេះដល់ថ្នាក់ខេត្ត បើយើងធ្វើទៅគាត់បង្ហាញឯកសារមកខាងស្រុក ក៏មិនដឹងថាម៉េចដែរថ្នាក់ខេត្តឯកភាពឲ្យធ្វើហើយខាងធនធានទឹក ព្រោះវាបានប៉ះពាល់នឹងព្រែកទឹក ពេលមានលិខិតចេញមកអញ្ចឹងស្រុកក៏មិនដឹងធ្វើម៉េចដែរ គាំងនៅហ្នឹងតែម្ដង ហើយការធ្វើនេះពុំមាននរណាជំទាស់ប្ដឹងផ្ដល់អ្វីផង ដូច្នេះអាជ្ញាធរស្រុកមិនដឹងទៅរករឿងរបៀបម៉េច មានតែអ្នកសារព័ត៌មានសួរមកលោកចំពោះរឿងរ៉ាវដីនេះ។

ទោះបីយ៉ាងណាមន្ត្រីសាលាខេត្តស្វាយរៀងម្នាក់ បានអះអាង និងសូមបដិសេធទាំងស្រុងការលើកឡើងរបស់លោកអភិបាលស្រុកស្វាយទាបថា ឈ្មោះ ហេង ចំណូលបានស្នើសុំមកថ្នាក់ខេត្តដើម្បីសាងសង់សំណង់របស់ខ្លួន នៅលើដីព្រែក ប្រសូត្រនេះ ហើយរហូតមកដល់ពេលនេះពុំទាន់មានការស្នើសុំពីបុគ្គលឈ្មោះហេងចំណូលមករដ្ឋបាលសាលាខេត្តនោះឡើយ។

លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តស្វាយរៀង បានឲ្យអ្នកសារព័ត៌មានដឹងថា លោកបានឃើញឈ្មោះ ហេង ចំណូល ដាក់សំណើសុំអភិវឌ្ឍន៍សង់ផ្ទះបណ្តែតទឹកនៅចំណុចព្រែកប្រសូត្រ លោកបានចុះទៅពិនិត្យម្តងរួចហើយ ឃើញថា ប៉ះពាល់ផ្លូវទឹក និងបរិស្ថាន មិនអនុញ្ញាតឲ្យសាងសង់ទេ ហើយលោកបានជូនដំណឹងទៅលោកមេឃុំសំបួរ និងអភិបាលស្រុកស្វាយទាប ឲ្យចុះទៅបញ្ឈប់ការសាងសង់ជាបន្ទាន់ ក៏ប៉ុន្តែ ជនខាងលើនៅតែបន្តសាងសង់ជាសំណង់រឹងមាំដដែល។

ពលរដ្ឋមន្ត្រីរាជការខេត្តស្វាយរៀង បានដឹងឲ្យថា អាជ្ញាធរស្រុកស្វាយទាបបានបណ្ដែតបណ្ដោយឲ្យអ្នកមានអំណាចមួយចំនួនចាក់ដីរំលោភយកព្រែកយ៉ាងគគ្លើនពុំដែលឃើញមានចំណាត់ការម្ដងណាឡើយនាំឲ្យប៉ះពាល់ដល់ដីព្រែក ទឹក មច្ឆាជាតិយ៉ាងធ្ងន់ធ្ងរសម្រាប់មូលដ្ឋានស្រុកស្វាយទាបមួយនេះ៕