(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង របស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង និងលោកស្រី នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦នេះបានដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះទៅពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ភាគច្រើនជនចាស់ជរា ចំនួន៧០០នាក់ ស្ថិតនៅស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។
លោក សែម គន្ធា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានឲ្យដឹងថា ក្រមុគ្រូពេទ្យស្ម័គ្រចិត្ត ប្រមាណ១២០នាក់ បានពិនិត្យ និងព្យាបាលជំងឺទូទៅដូចជា ជំងឺកុមារ ផ្នែកជំងឺសើស្បែក ផ្នែកវះកាត់តូច ផ្នែកអេកូ និងជំងឺមាត់ធ្មេញ ដើម្បីចូលរួម កាត់បន្ថយការចំណាយបានមួយកម្រិត របស់ប្រជាពលរដ្ឋទៀតសម្រាប់ការ ទទួលបានសេវាថែទាំសុខភាព។
នៅចំពោះប្រជាពលរដ្ឋប្រមាណ៧០០នាក់ លោក ស សុខា បានថ្លែងឲ្យប្រជាពលរដ្ឋនាំកូនៗ របស់ខ្លួនដែលគ្រប់អាយុចូលរៀន ត្រូវទៅចុះឈ្មោះចូលរៀនបានគ្រប់ៗគ្នា ដែលជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិ ដែលឥឡូវនេះសាលារៀនមាននៅតាមភូមិឃុំ គ្រប់ទីកន្លែង ដែលទាំងនេះបង្ហាញពីការរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
លោក ស សុខា ក៏បានសង្កត់ធ្ងន់ថា ស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះឲ្យបានទៀងពេល ហើយត្រូវទៅសម្រាលកូន នៅមណ្ឌលសុខភាព ចៀសវាងសម្រាលកូនតាមរបៀបបុរាណ ដែលអាចប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត៕