(ស្វាយរៀង)៖ ដោយអនុវត្តតាមការណែនាំរបស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ស្ដីពីការផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត សហការជាមួយរដ្ឋបាលក្រុងស្វាយរៀង បានចុះអនុវត្តតាមសេចក្ដីណែនាំខាងលើ ចំពោះទីតាំងបៀហ្គាឌិន ខ្យល់ទន្លេ ដែលមានការរឹងទទឹងមិនអនុវត្តតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត។
ទីតាំងនេះនៅតែបន្តលក់ដូរគ្រឿងស្រវឹង ដោយបើកទទួលភ្ញៀវផឹកស៊ីជួបជុំដដែល។ អាជ្ញាធរបានឲ្យដឹងថា កន្លងមកទីតាំងនេះធ្លាប់បានធ្វើកិច្ចសន្យាម្ដងមកហើយ ទន្ទឹមនឹងនេះក្រុមការងារបានសម្រេចបិទទីតាំងបណ្ដោះអាសន្ន។ នៅថ្ងៃដដែលនោះ ក្រុមការងារបានចុះបិទទីតាំងមួយកន្លែងទៀតស្លាកយីហោ សុខា លីសា។
រដ្ឋបាលខេត្ត សូមបងប្អូនតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ ៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន និងសូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕