(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំជំរុញការងាររៀបចំសាងសង់បន្ទប់ទឹក និងបង្គន់អនាម័យនៅតាមទីសាធារណៈក្នុងក្រុងកំពត ដើម្បីបម្រើផលប្រយោជន៍ ដល់សាធារណជនទូទៅ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ដោយចូលរួមពីមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរក្រុងពាក់ព័ន្ធមួយចំនួន។
លោក ជាវ តាយ បានលើកឡើងថា បញ្ហាបន្ទប់ទឹក និងបង្គន់អនាម័យតាមទីសាធារណៈ គឺជាបញ្ហាដែលរដ្ឋបាលខេត្តកំពត កន្លងមកតែងតែមានការយកចិត្តទុកដាក់ គិតគូរ ហើយនឹងបានកំពុងជំរុញការសាងសង់បន្ថែម ជាបន្តបន្ទាប់។ ប៉ុន្តែកិច្ចប្រជុំពេលនេះ គឺជាជំហាននៃការចូលរួមមតិយោបល់ចាំបាច់បន្ថែមទៀត ពីអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ដែលផ្ដោតទៅលើបច្ចេកទេស សណ្ដាប់ធ្នាប់ សាធារណៈ សោភ័ណភាព និងអនាម័យបរិស្ថាន ដើម្បីធានាបានជាមូលដ្ឋាន ត្រៀមលក្ខណៈបន្តការសាងសង់បន្ថែមទៀតនៅចំពោះមុខនេះ ជៀសវាងការសាងសង់រួចរាល់ ដែលមានមតិរិះគន់ភាពអវិជ្ជមានណាមួយកើតឡើង។
លោក ជាវ តាយ បានបន្តថា «បើទោះបីស្ថិតក្នុងស្ថានភាពដែលសកលលោក ក៏ដូចកម្ពុជាយើងជួបបញ្ហាវិបត្តិជំងឺឆ្លងកូវីដ១៩ ដែលបានធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍ក្ដី ប៉ុន្តែដំណាក់កាលនេះ មិនអាចផ្ដេកផ្ដួលចំពោះបញ្ហានេះ បានឡើយ ក្នុងនាមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នជំនាញជាសេនាធិការរាជរដ្ឋាភិបាល ត្រូវតែខិតខំពុះពារឧបសគ្គទាំងអស់នេះ ដោយយកចិត្តទុកដាក់អភិវឌ្ឍន៍ នូវអ្វីដែលជាតម្រូវការចាំបាច់សំខាន់ ដែលបម្រើឱ្យផល ប្រយោជន៍សាធារណៈ និងសង្គមជាតិនៅចំពោះមុខមិនអាចខ្វះបាន។ ពិសេសជាក់ស្ដែង នៅក្នុងក្រុងកំពត ដែលទាមទារឲ្យមាននូវបន្ទប់ទឹក និងបង្គន់អនាម័យទីសាធារណៈបន្ថែមទៀត ដែលជាតម្រូវការកាន់តែមានទំហំច្រើនឡើង ដើម្បីបម្រើដល់សាធារណជន ក៏ដូចជាសម្រាប់ការទាក់ទាញក្នុងវិស័យទេសចរណ៍ របស់ខេត្តផងដែរ»។
លោក ជាវ តាយ ក៏បានក្រើនរំលឹក ដល់អាជ្ញាធរ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ឱ្យបង្កើនស្មារតីប្រុងប្រយ័ត្ន អនុវត្តវិធានការណែនាំ របស់ក្រសួងសុខាភិបាលក៏ដូចការណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ពាក់ព័ន្ធវិធានការ ៣កុំ ៣ការពារ ឱ្យបានទាំងអស់គ្នា ដើម្បីកាត់បន្ថយ ឬបញ្ឈប់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍នៃខេត្តកំពតផងដែរ។
ក្នុងកិច្ចប្រជុំ តាមការលើកឡើងរបស់មន្ត្រីទទួលបន្ទុករដ្ឋបាលខេត្តកំពត គឺរដ្ឋបាលខេត្ត បាននិងកំពុងបន្តការកសាងថែមនូវបន្ទប់ទឹក និងបង្គន់អនាម័យតាមទីសាធារណៈ មានចំនួន ៤កន្លែង ដើម្បីបម្រើដល់សាធារណជន ក៏ដូចជាភ្ញៀវទេសចរមកលេងកម្សាន្តខេត្តកំពត៕