(ភ្នំពេញ)៖ លោក ទិត្យសុធី បូរ៉ាឆាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចបង្គាប់ឱ្យឃុំខ្លួនជនជាប់ចោទចំនួន៤នាក់ ពាក់ព័ន្ធករណីប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។
កាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទទាំង៤នាក់នេះ គឺបន្ទាប់ពីលោកព្រះរាជអាជ្ញារង វង្ស សាវ៉ាត បានចោទប្រកាន់ជនសង្ស័យទាំង៤នាក់ ពីបទ «លួចមានស្ថានទោស»។
ជនជាប់ចោទចំនួន៤នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា ភេទស្រី អាយុ២៣ឆ្នាំ
*ទី២៖ ឈ្មោះ គឹម សុផាន់រ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ
*ទី៣៖ ឈ្មោះ ដោក ចំរ៉ុង ហៅ រ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ។ ចំណែកម្នាក់ទៀតកំពុងដេកពេទ្យដោយសារមានរបួសពេលត្រូវចាប់ខ្លួន ឱ្យយកទៅដាក់ពន្ធនាគារព្រៃសរ ដើម្បីរង់ចាំជំនុំជម្រះទោសនៅពេលក្រោយ។
សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៥៖៣០នាទី កម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ជាបន្តបន្ទាប់ពីបទលួចមានស្ថានទម្ងន់ទោស (ប្រើដែកគន្លាស់ និងកូនកាំបិតចុងស្រួចភ្ជង់ក របស់ជនរងគ្រោះរួចប្លន់យកលុយនិងទូរស័ព្ទដៃ ១គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៤ ផ្លូវលេខ២០២ ក្រុមទី៥ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០២៖៥០នាទីរំលងអាធ្រាត្រ។
ក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យខាងលើចំនួន ០៤ទីតាំងផ្សេងគ្នា ដោយស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់។
*ទី១៖ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា ភេទស្រី អាយុ២៣ឆ្នាំ បានឃាត់នៅចំណុចមុខសាលាបឋមសិក្សាបឹងសាឡាង ផ្លូវលេខ២៥៥ ក្រុមទី៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១១៖០០នាទី។
*ទី២៖ ឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម សុផាន់រ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅចំណុចលើដងផ្លូវបេតុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១២៖០០នាទី។
*ទី៣៖ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ដោក ចំរ៉ុង ហៅ រ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅចំណុចលើដងផ្លូវលេខ១៦០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៤៖០០នាទី ។
លុះមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២១:២០នាទី សមត្ថកិច្ចយើងបានស្រាវឃាត់ខ្លួ ជនសង្ស័យ០១នាក់ទៀត
*ទី៤៖ ឈ្មោះ ដា វុទ្ធី ហៅ ទួក ភេទប្រុស អាយុ២១ឆ្នាំ ឃាត់នៅចំណុចផ្លូវបេតុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
វត្ថុតាងចាប់យកបានរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1IN-5793 ដែលមានលេខតួ និងលេខម៉ាស៊ីន: 82049165 ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពនៅថ្ងៃកើតហេតុ (ចាប់យកពីឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា)។
ជនរងគ្រោះមានឈ្មោះ ជឿន ស្រីពេជ្រ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២១៤ ផ្លូវលេខ២ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សម្ភារបាត់បង់រួមមាន៖ កាបូបស្ពាយមួយក្នុងកាបូបមានប្រាក់ដុល្លារចំនួន២០០ដុល្លារ និងទូរស័ព្ទដៃ០១គ្រឿងម៉ាក I phoneX ពណ៌ខ្មៅ០១គ្រឿង (ជាសម្ភាររបស់ជនរងគ្រោះដែលក្រុមជនសង្ស័យប្រើដែកគន្លាស់ និងកូនកាំបិតភ្ជង់ប្លន់យកទៅបាត់)។
ជនសង្ស័យឈ្មោះ ដាវុទ្ធី ហៅ ទួក រងរបួសបាក់ភ្លៅឆ្វេងដោយសារលោតពីលើផ្ទះគេចខ្លួនពេលសមត្ថកិច្ចឡោមព័ទ្ធចាប់ កំពុងព្យាបាលរបួសនៅមន្ទីរលោកសង្ឃ៕