(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់វិធានការឱ្យរោងចក្រ សហគ្រាសទាំងអស់ នៅក្នុងប្រទេសកម្ពុជា ត្រៀមខ្លួនទប់ស្កាត់បញ្ហាកម្មករដួលសន្លប់ និងហានិយភ័យផ្សេងៗទៀត នៅអំឡុងប្រទេសកម្ពុជា ឡើងកំដៅខុសធម្មតានាពេលនេះ បន្ទាប់ពីមានសេចក្តីជូនដំណឹងមួយ របស់ក្រសួងធនធានទឹក កាលពី២ថ្ងៃមុន ជុំវិញការឡើងកំដៅនេះ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៧ ខែមីនា បានប្រកាសថា ចាប់ពីថ្ងៃទី១៧-២៥ ខែមីនា ឆ្នាំ២០១៦ ពោលមានរយៈពេល៩ថ្ងៃខាងមុខនេះ នៅប្រទេសកម្ពុជា នឹងប្រឈមមុខសីតុណ្ហភាព ឡើងកំដៅមួយកម្រិតទៀត គឺចាប់ពី៣៨-៤០អង្សាសេ ក្នុងនោះរួមមាន ទី១-តំបន់វាលទំនាប និងតំបន់ខ្ពង់រាប មានសីតុណ្ហភាពអតិបរមាចាប់ពី៣៨-៤០អង្សាសេ និងទី២-តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអតិបរមាមានពី៣៥-៣៧អង្សាសេ និងអាចមានភ្លៀងកក់ខែតិចតួច ជាដើម។
ដើម្បីទប់ស្កាត់នូវបញ្ហាផ្សេងៗ ចំពោះកម្មករនាពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានតម្រូវឱ្យរោងចក្រសហគ្រាស បើកឱ្យមានដំណើរការប្រព័ន្ធបញ្ចេញខ្យល់ តាមអគារផលិតកម្ម, ត្រូវបំពាក់ដោយប្រព័ន្ធវាស់ស្ទង់កំដៅជាប់ជានិច្ច នៅកន្លែងកម្មករធ្វើការ, បើកទ្វារបង្អួចឱ្យទូលំទូលាយតាមរោងចក្រ ត្រូវមើលថែនិងត្រួតពិនិត្យប្រព័ន្ធបង្កាអគ្គិភ័យ និងត្រៀមប្លង់សម្រាប់ជម្លៀសខ្លួនដល់កម្មករ នៅពេលមានហានិភ័យជាដើម។
ខាងក្រោមនេះ ជាសេចក្តីប្រកាសអំពីវិធានការ របស់ក្រសួងការងារ៖