(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដអនុវត្ដកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងវិបត្ដិជំងឺកូវីដ-១៩ រយៈពេល៣ខែទៀត ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។

នេះបើតាមសេចក្តីណែនាំ អំពីវិធានការបន្ថែម លើការគ្រប់គ្រងផលប៉ះពាល់វិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ១៩ (ជុំទី៩) របស់រាជរដ្ឋាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីណែនាំ របស់រាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់រយៈពេល០៣ខែបន្ថែមទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១»។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្តីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

រាជរដ្ឋាភិបាល បន្តតាមដានជាប់ជាប្រចាំ ក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ នូវស្ថានភាពនៃជំងឺកូវីដ-១៩, លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល, តំបន់ និងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចកម្ពុជា។

បើតាម លោក វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានលើកឡើងថា គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាអស់៣៥០លានដុល្លារ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ១៩ ប្រមាណជាង៦០ម៉ឺនគ្រួសារ។

សូមរំលឹកដែរថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ១៩ គឺជាកម្មវិធីជំនួយសង្គមមួយ ក្នុងចំណោមកម្មវិធីជំនួយផ្សេងៗទៀត ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គ្រាដែលកម្ពុជាកំពុងជួបប្រទះនូវបញ្ហាប្រឈមជាមួយជំងឺកូវីដ១៩៕