(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីជូនដំណឹងពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងសួង ដោយចាប់ផ្តើមចាក់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏បានដឹកនាំក្រុមការងារចុះពិនិត្យតាមគោលដៅនានា នៃការរៀបចំរបស់ក្រុមគ្រូពេទ្យក្នុងយុទ្ធនាការនេះ។

ក្នុងដំណើរចុះត្រួតពិនិត្យនាពេលនោះលោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» សំដៅបង្កើតឱ្យមានភាពស៊ាំ ក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានរៀបចំផែនការខេត្ត ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង ជាមួយអាជ្ញាធរភូមិ ឃុំ-សង្កាត់ និងក្រុង-ស្រុក នៅទូទាំងខេត្ត ពិសេសនៅតំបន់មានហានិភ័យ។

ដោយឡែកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ នឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្រុងសួង នៃខេត្តត្បូងឃ្មុំ។

ដូច្នេះប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយអាជ្ញាធរឃុំ-សង្កាត់, កម្មករកម្មការិនី តាមរោងចក្រ សហគ្រាស និងបងប្អូនដែលរស់នៅតាម បណ្តាក្រុង-ស្រុកខាងលើ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ នៅតាមទីតាំងចាក់វ៉ាក់សាំង ដែលរដ្ឋបាលខេត្តបានរៀបចំ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះតទៅ ដោយពេលព្រឹកចាប់ម៉ោង ០៨:០០នាទី ដល់ម៉ោង ១១.០០នាទី និងពេលរសៀល ចាប់ពីម៉ោង ១៣:០០នាទី ដល់ម៉ោង ១៦:០០នាទី។

បើតាមសេចក្តីជូនដំណឹងដដែល រដ្ឋបាលខេត្តបានបញ្ជាក់ថា សម្រាប់ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ គឺត្រូវបានរៀបចំចំនួន៥ទីតាំងរួមមាន៖

ទី១៖ មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ
ទី២៖ មណ្ឌលសុខភាពសួង
ទី៣៖ មណ្ឌលសុខភាពវិហារលួង
ទី៤៖ ទីធ្លាវត្តពណ្ណារាយ
និងទី៥៖ ទីធ្លាវត្តវិហារខ្ពស់។

សូមបញ្ជាក់ សូមកុំភ្លេចភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ៕