(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌បានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា «ប្រព័ន្ធគ្រប់គ្រងឯកសារច្បាប់កម្ពុជា» ដែលអនុញ្ញាតឱ្យលោកអ្នកអាចទាញយកទៅប្រើប្រាស់ និងគ្រប់គ្រងនូវឯកសារច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ដែលបានផ្សព្វផ្សាយនៅក្នុងគេហទំព័រក្រសួងយុត្តិធម៌។

សេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ គឺក្រសួងបញ្ជាក់ថា លោកអ្នកមានកម្មវិធីនេះប្រៀបដូចជាមានបណ្ណាល័យអេឡិចត្រូនិចមួយ នៅក្នុងកុំព្យូទ័រ ជាពិសេសលោកអ្នកអាចទទួលបាននូវរាល់ឯកសារផ្សេងៗ ដែលធ្វើបច្ចុប្បន្នភាពនៅក្នុងគេហទំព័ររបស់ក្រសួង (www.moj.gov.kh) ហើយលោកអ្នកក៏អាចធ្វើបច្ចុប្បន្នភាពដោយផ្ទាល់ពីកម្មវិធីនេះផងដែរ។

អាស្រ័យហេតុនេះ សាធារណជនទាំងអស់ដែលមានបំណងប្រើប្រាស់កម្មវិធីខាងលើ សូមចូលទៅកាន់គេហទំព័រក្រសួងយុត្តិធម៌តាមរយៈ www.moj.gov.kh ដើម្បីទាញយកកម្មវិធីនេះមកដំឡើង និងប្រើប្រាស់តាមតម្រូវការ៕