(បាងកក)៖ រដ្ឋាភិបាលថៃ និង វៀតណាម បានបង្ហាញពីក្តីសប្បាយរីករាយដូចគ្នា ព្រមទាំងបានកោតសរសើរ ចំពោះចំណាត់ការបន្ទាន់របស់ចិន ក្នុងការបង្ហូរទឹកពីទំនប់ចូលទៅក្នុងទន្លេមេគង្គ ដើម្បីជួយសង្គ្រោះភាពរាំង ស្ងួតនៃបណ្តាប្រទេសមួយចំនួនជាពិសេស ថៃ ឡាវ កម្ពុជា និង វៀតណាម។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០១៦។
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា បានថ្លែងកាលពីពេលថ្មីៗនេះថា លោកមានភាពសប្បាយរីករាយខ្លាំង ណាស់ដែលរដ្ឋាភិបាលចិន ចេញមុខជួយដោះស្រាយភាពរាំងស្ងួតនាពេលនេះ ហើយខ្សែទឹកដែលបានបង្ហូរ មកនោះ វាបានមកដល់ភាគខាងជើងប្រទេសថៃហើយ។ បច្ចុប្បន្នប្រទេសថៃ ស្រុកចំនួន៤៦ នៃខេត្តចំនួន១២ កំពុងទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារខ្វះទឹកប្រើប្រាស់ ព្រោះតែអាកាសធាតុក្តៅហួតហែង ប៉ុន្មានឆ្នាំជាប់ៗគ្នា។
ដោយឡែកសម្រាប់ប្រទេសវៀតណាមវិញ អ្នកជំនាញមួយរូបមកពីក្រសួងធនធានទឹក និងកសិកម្មបាន សម្តែងនូវក្តីរំភើបព្រមទាំងកោតសរសើរ ចំពោះកាយវិការរបស់រដ្ឋាភិបាលចិន ដែលបានជួយដល់បណ្តា ប្រទេសអាស៊ីអាគ្នេយ៍ ឲ្យធូរស្រាលពីភាពរាំងស្ងួត។ ប្រទេសវៀតណាម ក៏បាននិងកំពុងទទួលរងគ្រោះធ្ងន់ធ្ងរផងដែរ ជាពិសេសតំបន់ដីសណ្តរទន្លេមេគង្គក្រោម ដែលទឹកទន្លេបន្តស្រកចុះលើសកម្រិតប្រកាសអាសន្ន ដែលជាហេតុនាំឲ្យទឹក សមុទ្រហូរចូល និងបំផ្លាញផលដំណាំជាច្រើនពាន់ហិកតា កន្លងមកហើយ៕