(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលទើបចូលកាន់តំណែង បានប្តេជ្ញាធ្វើការជាមួយអនុប្រធាន, សមាជិក គ.ជ.ប ទាំងអស់ ព្រមទាំងមន្ត្រីក្រោមឱវាទ គ្រប់គ្រងស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រចនាសម្ព័ន្ធចំណុះ និងកិច្ចការបោះឆ្នោតឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់ ដើម្បីឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌សំដៅបង្កើនការជឿទុកចិត្តពីសំណាក់ភាគីពាក់ព័ន្ធ។

ការប្តេជ្ញាបែបនេះរបស់ លោក ប្រាជ្ញ ចន្ទ បានធ្វើឡើងនាឱកាសប្រកាសឱ្យចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ នាទីស្តីការ គ.ជ.ប។

ប្រធាន គ.ជ.ប ថ្មីរូបនេះ បានប្តេជ្ញាចិត្តយ៉ាងដូច្នេះថា៖ «ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបទទួលបាននូវការតែងតាំងថ្មី ខ្ញុំសូមធ្វើការប្តេជ្ញាថា រូបខ្ញុំ រួមជាមួយនឹងឯកឧត្តមអនុប្រធាន សមាជិក គ.ជ.ប ទាំងអស់ ព្រមទាំងមន្ត្រីក្រោមឱវាទ នឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី រៀបចំ ចាត់ចែង និងគ្រប់គ្រងស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រចនាសម្ព័ន្ធចំណុះ និងកិច្ចការបោះឆ្នោតឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមាន ដើម្បីឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌សំដៅបង្កើនការជឿទុកចិត្តពីសំណាក់ភាគីពាក់ព័ន្ធ»

ជាមួយនឹងការប្តេជ្ញាចិត្តអនុវត្តនូវភាពកិច្ចថ្មីរបស់ខ្លួនឱ្យបានល្អនោះ និងដើម្បីសម្រេចបាននូវគោលដៅខាងលើ លោក ប្រាជ្ញ ចន្ទ បានសូមសំណូមពរ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលជាប្រតិបត្តិករយ៉ាងសំខាន់ សូមរួបរួមគ្នាពង្រឹងសាមគ្គីភាពកិច្ចសហប្រតិបត្តិការជិតស្និទ្ធ បន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ក្នុងការងារបោះឆ្នោតឱ្យបានល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ សូមមេត្តាបន្តកិច្ចសហការជាមួយ គ.ជ.ប ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ស្របតាមការកំណត់នៃច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តនានា
ដែលបានដាក់ចេញជាធរមានរួមចំណែកលើកកម្ពស់ការអនុវត្តគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។

សូមជម្រាបថា លោក ប្រាជ្ញ ចន្ទ គឺជាបេក្ខជនដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តី ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ បន្ទាប់ពីត្រូវបានគណបក្សប្រជាជនជ្រេីសរេីសជាបេក្ខជន។

លោកប្រាជ្ញ ចន្ទ ធ្លាប់ជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចន្លោះពីឆ្នាំ១៩៩១ដល់២០០១ ជាអភិបាលខេត្តបាត់ដំបងពីឆ្នាំ២០០១ ដល់២០១៣ ជាអភិបាលខេត្តត្បូងឃ្មុំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ក្លាយជាប្រធានគ.ជ.ប។

ការជ្រើសតាំង លោកប្រាជ្ញ ច័ន្ទ បានធ្វើឡើងបន្ទាប់ពី លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យលាលែងពីតំណែង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានបញ្ហាសុខភាព៕