(បន្ទាយមានជ័យ)៖ ចាប់តាំងពីជំងឺកូវីដ១៩ បានរាតត្បាតនៅក្នុងខេត្តបន្ទាយមានជ័យ កងកម្លាំងយោធាទិសទី១ យោធភូមិភាគទី៥ និងកងកម្លាំងចម្រុះ ត្រូវបានចាត់តាំងឱ្យចូលរួមប្រតិបត្តិការអនុវត្តន៍នូវវិធានការនានា ដែលដាក់ចេញដោយរដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ១៩។
បន្ទាប់ពីស្ថានការណ៍នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងក្រុងប៉ោយប៉ែត មានសភាពធូរស្រាលហើយនោះ ជំងឺបានបន្តរាលដាលនៅក្នុងក្រុងសិរីសោភ័ណ។ កងកម្លាំងយោធាទិសទី១ យោធភូមិភាគទី៥ និងកងកម្លាំងចម្រុះ បានចុះអនុវត្តន៍បិតខ្ទប់ និងទប់ស្កាត់ការឆ្លងរីករាលដាលចូលសហគមន៍ និងទៅតំបន់ផ្សេងទៀត តាមបទបញ្ជារបស់លោកអភិបាលខេត្តបន្ទាយមានជ័យ។
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជារការរង នាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ យោធភូមិភាគទី៥ អមដំណើរដោយលោកមេបញ្ជាការទិសទី១ បន្ទាយមានជ័យ លោកស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះត្រួតពិនិត្យគោលដៅត្រួតពិនិត្យតាមដងផ្លូវការនាំពលករលួចឆ្លងដែនខុសច្បាប់ ទីតាំងបិទខ្ទប់ជំងឺកូវីដ១៩ និងចូលរួមផ្សព្វផ្សាយវិធានការបំរាមគោចររបស់រដ្ឋបាលខេត្ត និងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានគូសបញ្ជាក់ថា ក្រុងសិរីសោភ័ណ គឺជាក្រុងទី២ ដែលមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ គួរឱ្យព្រួយបារម្ភ បន្ទាប់ពីក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។ លោកបន្តថា រយៈពេលចុងក្រោយនេះ អត្រានៃអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងក្រុងប៉ោយប៉ែតមានការថយចុះ ប៉ុន្តែមានការកើនឡើងជាបន្តបន្ទាប់នៅក្នុងក្រុងសិរីសោភ័ណ ដែលតម្រូវឱ្យអាជ្ញាធរ និងកងកម្លាំងចម្រុះចុះអនុវត្តវិធានទប់ស្កាត់ និងកាត់ផ្តាច់ឱ្យបានទាន់ពេលវេលា។
ក្នុងឱកាសចុះពិនិត្យការប្រតិបត្តិការរបស់កងកម្លាំងនេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានក្រើនរំលឹកដល់កងកម្លាំងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីរួមចំណែកកាត់ផ្តាច់ការឆ្លងជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ក៏ដូចជានៅក្នុងខេត្ត។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់ រួមដៃគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនក្នុងកាលៈទេសៈដ៏លំបាកនេះ។
លោកក៏បានអំពាវនាវដល់កងកម្លាំង និងអាជ្ញាធរដែលកំពុងបំពេញភារកិច្ចទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងពេលបំពេញប្រតិបត្តិការ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាល កុំឱ្យឆ្លងជំងឺទៅខ្លួនឯង ក្រុមគ្រួសារ អង្គភាព ឬស្ថាប័ន៕