(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោកសាស្រ្តាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា តាមប្រព័ន្ធវីដេអូ។
បើតាម លោកជិន ម៉ាលីន ក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូនេះ ភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូយោបល់គ្នាលើរបៀបវារៈសំខាន់ចំនួន៤ ដូចខាងក្រោម៖
១៖ កម្មវិធីអាទិភាពនៃកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌
២៖ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ
៣៖ កម្មវិធីជនួយផ្នែកច្បាប់និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
៤៖ សិទ្ធិសេរីភាព និងការអនុវត្តច្បាប់នៅកម្ពុជា រួមទាំងវិធានការច្បាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ ផងដែរ។
សូមបញ្ជាក់ថា លោក វិទិត ម៉ុនតារបន គឺជាមនុស្សទី៧ ហើយ ដែលក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានជ្រើសរើសមកកាន់តួនាទីជាអ្នករាយការណ៍ពិសេស ឬអ្នកស៊ើបអង្កេតពិសេសផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ជំនួសអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលផុតអាណត្តិ។ លោក វិទិត ម៉ុនតារបន ចាប់ផ្ដើមបំពេញតួនាទីថ្មីនេះ ជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១៕