(ភ្នំពេញ)៖ លោក វូ គ័ងមិញ អគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានធ្វើទស្សនកិច្ចនៅបណ្ណាល័យសម្តេចម៉ែនៃវិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
ក្នុងឱកាសទស្សនកិច្ចនេះ លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងលោកស្រី សូហ្វា រីណា នាយិការងមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលទទួលស្វាគមន៍ បានបង្ហាញជូន លោកវូ គ័ងមិញ នូវបណ្ណាល័យបរិក្ខារផ្ទុកឯកសារ និងឯកសារសំណៅដើមជាច្រើន ព្រមទាំងផ្ទាំងគំនូរដោយដៃអំពីសិល្បៈរបាំរបស់កម្ពុជា និងពិពរណ៍ប្លង់រចនានៃអគារវិទ្យាស្ថានស្លឹករឹត ដែលជាទីតាំងអចិន្ត្រៃយ៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
បើតាមប្រកាសរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា, វៀតណាមបានគាំទ្រកិច្ចការសិក្សាស្រាវជ្រាវរបស់ មជ្ឈមណ្ឌលឯកសារកម្ពុជានៅឯសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ។ ទន្ទឹមនឹងនេះដែរ ភាគីវៀតណាមក៏បានផ្តល់ជាឯកសាររូបថត និងខ្សែវីដេអូដែលជាផ្នែកមួយដ៏មានសារសំខាន់ ក្នុងដំណើរការចងក្រងឯកសារប្រវត្តិសាស្ត្ររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
បន្ទាប់ពីបានស្វែងយល់អំពីបរិក្ខារ នៃបណ្ណាល័យសម្តេចម៉ែ និងការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ភ្ញៀវកិត្តិយស និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា បានបន្តជជែកពិភាក្សាដោះដូរយោបល់គ្នាទៅវិញទៅមក អំពីដំណើរការ និងសារប្រយោជន៍នៃការងារចងក្រងឯកសារ។ នៅក្នុងកិច្ចពិភាក្សានេះ លោកឆាំង យុ បានលើកឡើងអំពីតួនាទីនៃការចងក្រងឯកសារ ក្នុងដំណើរការកាត់ទោសអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបខ្មែរក្រហមរបស់សាលាក្តីខ្មែរក្រហម។
យោងតាមសេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង នៃសាលាក្តីខ្មែរក្រហមលើសំណុំរឿង០០២/០២ ជនជាប់ចោទ នួន ជា មានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើក្រុមជនជាតិវៀតណាមនិងជនជាតិចាម។ ចំណែកឯជនជាប់ចោទ ខៀវ សំផន មានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើក្រុមជនជាតិវៀតណាម។ អង្គជំនុំជម្រះសាលាដំបូងក៏បានសម្រេចផ្តន្ទាទោសជនជាប់ចោទ នួន ជា និង ខៀវ សំផន ឲ្យជាប់ពន្ធនាគារមួយជីវិត។
លោកអគ្គរដ្ឋទូតវៀតណាម បានថ្លែងអំណរគុណក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់រួមទាំងបានចារចំណារអនុស្សាវរីយ៍ នៅលើសៀវភៅក្រាំងមាស របស់បណ្ណាល័យផងដែរ៕