(ព្រះវិហារ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងប្រតិភូសាលាខណ្ឌទាំង១២ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦នេះ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃក្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាច្រើនលានរៀលទៅចែកជូនមន្រ្តីយោធា ដែលកំពុងឈរជើងការពារទឹកដី នៅតំបន់សមរភូមិប្រាសាទព្រះវិហារ ដែលបានចងសម្ព័ន្ធភាពរវាងសមរភូមិជួរមុខ និងសមរភូមិខាងក្រោយ។
ពិធីចែកជូនមន្រ្តីនាយទាហាន ពលទាហាន បានធ្វើឡើង នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតនៅតំបន់អូរជុញ ភូមិសែនរុងរឿង ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការទទួលស្វាគមន៍គណ:ប្រតិភូ ពីសំណាក់នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងមន្រ្តីយោធាជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត។
នៅចំពោះមុខនាយទាហាន ពលទាហាន លោក ប៉ា សុជាតិវង្ស បានថ្លែងថា «យើងបានប្រែក្លាយតំបន់សមរភូមិមុខ ក្លាយជាតំបន់អភិវឌ្ឍន៍ក្រោមការដឹកនាំដ៏ឈ្លៀសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ហើយសម្តេចក៏បានណែនាំឲ្យមានការចុះអនុស្សារណរវាងសមរភូមិជួរមុខ និងសមរភូមិជួរក្រោយ ដើម្បីបង្កើនកិច្ចសហការ និងចំណងមិត្តភាពកាន់តែខ្លាំងឡើង» ។
ក្រៅពីការចែកអំណោយខាងលើនេះ លោកអភិបាលក្រុង បានផ្តល់ម៉ាសុីនច្រូតស្រូវ ១គ្រឿង និងត្រាក់ទ័រ ២គ្រឿង ជូនកងពលសម្រាប់បង្កបង្កើនផលក្នុងអង្គភាពផងដែរ។