(កំពត)៖ លោក បណ្ឌិត ប៉ែន ស៉ីម៉ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត បានជំរុញដល់ថ្នាក់ ក្រុមការងារ មន្ត្រីគណបក្សគ្រប់រូប ត្រូវសហការសាមគ្គីគ្នាឲ្យបានសកម្ម ជួយគាំទ្រដល់គ្រប់ឃុំ-សង្កាត់ ដែលខ្លួនម្នាក់ៗទទួលបន្ទុកនោះ ដើម្បីរក្សានិងបង្កើនយកប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទូទាំងប្រទេស។
ពិសេសត្រូវខិតខំប្រមូលសមាជិកបក្សថ្មី នៅខាងក្រៅបក្សឲ្យចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជន ឲ្យបានច្រើនបន្ថែមទៀត ដើម្បីរក្សាជ័យជម្នះបន្តក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ នាថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ និងបន្តជំហានទៅរកភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៧ នាឆ្នាំ២០២៣ បន្តទៀត។
ការជំរុញនេះ ខណ:លោកបណ្ឌិត ប៉ែន ស៉ីម៉ន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រេច ស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ តាមរយៈ Video Conference (Zoom Cloud Meeting) ដែលកិច្ចប្រជុំខាងលើ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពត នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដោយចូលរួមពី លោក ជាវ តាយ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត, លោក ជឹង ផល្លា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ព្រមទាំង លោក លោកស្រី ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត សមាជិកអចិន្ត្រៃយ៍ ប្រធានគណៈកម្មាធិការគណបក្សក្រុង-ស្រុក ទាំង៨ ប្រមាណ៥៣រូប។
លោកបណ្ឌិត ប៉ែន ស៉ីម៉ន ក៏បានបន្តទៀតថា ផ្អែកតាមរបាយការណ៍ និងលទ្ធផលសកម្មភាព និងការអនុវត្តតួនាទី របស់ថ្នាក់ដឹកនាំ ក្រុមការងារ មន្ត្រីបក្សនៅគ្រប់មូលដ្ឋានក្នុងខេត្តកំពត មានភាពល្អប្រសើរ និងរក្សាបាននូវប្រជាប្រិយភាពខ្លាំង។ ជាក់ស្តែងក្នុងថ្ងៃខួប៧០ឆ្នាំ នៃការចាប់បដិសន្ធិ របស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋ យុវជននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងខេត្តកំពត បានប្តូររូបភាពរបស់ខ្លួន ដោយភ្ជាប់ជាមួយនឹងស៊ុមថ្ងៃខួប៧០ឆ្នាំ របស់បក្សស្ទើរគ្រប់គ្នា។
ទាំងនេះព្រោះតែពួកគេស្រឡាញ់ និងពេញចិត្តគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ដូច្នេះដើម្បីរក្សាភាពរឹងមាំ គង់វង់យូរអង្វែង ថ្នាក់ដឹកនាំ មន្ត្រីបក្សគ្រប់មូលដ្ឋាន ត្រូវព្យាយាមពង្រឹងគោលជំហរទាំងសមាជិកចាស់ និងថ្មី ឲ្យមានជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ ដើម្បីផ្ដល់ជាជំនួយស្មារតីឲ្យមានការចូលរួមរស់ក្នុងជីវភាពបក្ស បានកាន់តែច្រើនថែមទៀត។
ក្នុងកិច្ចប្រជុំ លោកបណ្ឌិត ប៉ែន ស៉ីម៉ន បានក្រើនរំលឹកនិងដាស់តឿន ពាក់ព័ន្ធជុំវិញបញ្ហាការឆ្លងរាតត្បាតជំងឺកូវីដ១៩ ដែលជាបញ្ហាសកល ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងនយោបាយពិភពលោក ក្នុងនោះមានកម្ពុជាយើងផងដែរ។ តែទោះបីយ៉ាងណាកម្ពុជា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ចែងដឹកនាំ គ្រប់គ្រងសភាពការណ៍បញ្ហាការឆ្លងរាតត្បាតជំងឺកាចសាហាវនេះក្នុងស្មារតីយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ចំពោះបញ្ហាសុខមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបន្តបង្កើនជីវភាពរដ់នៅ របស់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរ៕