(ភ្នំពេញ)៖ នៅព្រឹកថ្ងៃនេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបើកសិក្ខាសាលាជាស៊េរី ដើម្បីពិភាក្សាអំពីការធ្វើកំណែទម្រង់ និង បញ្ហាប្រឈមនានាលើវិស័យពាណិជ្ជកម្ម និង អប់រំ ដោយមានការចូលរួមពីសិស្ស-និសិ្សតគ្រឹះស្ថានឧត្តមសិក្សា មន្ត្រីរាជការ អ្នកជំនាញអាជីពមកពីវិស័យឯកជនជាច្រើននាក់។
សិក្ខាសលានេះចាប់ផ្តើមពីម៉ោង ០៨៖៣០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យា នៃកម្ពុជា ដោយនឹងពិភាក្សាផ្តោតទៅលើវិស័យអប់រំ និង ពាណិជ្ជកម្ម ដែលផ្តល់ការយល់ដឹងកាន់តែទូលំទូលាយ និង ស៊ីជម្រៅជូនសិស្ស-និស្សិតកម្ពុជា និង វិស័យឯកជន អំពីសារៈសំខាន់ នៃការធ្វើកំណែទម្រង់នានា និងតួនាទីរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឆ្លុះបញ្ចាំងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះ អ្នកសម្របសម្រួល នឹងបញ្ជូនសំណួរ ដែលសួរភ្លាមពីអ្នកចូលរួមនៅទីនោះផ្ទាល់ និង មិនផ្ទាល់តាមរយៈប្រព័ន្ធអេឡិកត្រូនិក ទៅកាន់រដ្ឋមន្រ្តីទាំងពីររូប ដើម្បីធ្វើការឆ្លើយតប។
សិក្ខាសាលាព្រឹកនេះ គឺជាផ្នែកមួយនៃកម្មវិធីសិក្ខាសាលជាស៊េរី ដែលមានជាបន្តបន្ទាប់របស់ក្រសួងពាណិជ្ជកម្ម ផ្តោតលើការកសាងសមត្ថភាព និងចំណេះដឹងសម្រាប់សិស្ស-និស្សិត និង បណ្តាប្រជាពលរដ្ឋកម្ពុជាមួយចំនួន។
សិក្ខាសាលាជាស៊េរីនេះ ជាគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្មដំណើរការរយៈពេល ៣ឆ្នាំមកហើយ បើគិតមកដល់បច្ចុប្បន្នដោយ បាននាំយកថ្នាក់ដឹកនាំស្ថាប័នល្បីៗ នៅក្នុងប្រទេស និងពិភពលោក មកចែករំលែកបទពិសោធន៍ជោគជ័យ ទៅសិស្ស និស្សិត យុវ ជន និងអ្នកប្រកបអាជីវកម្មផ្សេងៗផងដែរ៕