(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចែករំលែកទស្សនៈ៥ចំណុចដល់ បណ្តាមេដឹកនាំគណបក្សនយោបាយអាស៊ាន-រុស្ស៉ី អំពីវិធីដែលគណបក្សនយោបាយ របស់អាស៊ាន និងរុស្ស៊ី អាចជះឥទ្ធិពលទៅលើនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ទស្សនៈសម្តេចតេជោ ហ៊ុន សែន បានលើកឡើង ក្នុងសន្និសីទតុមូល ក្រោមប្រធានបទ «តួនាទី និងការទទួលខុសត្រូវនៃគណបក្សនយោបាយរុស្ស៊ី និងអាស៊ាន ក្នុងការពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូអនឡាញ នារសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ។
ក្នុងសន្និសីទតុមូលនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាពិតជាមានមោទនភាពចំពោះភាពរឹងមាំ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងអាស៊ាន។ ជាការពិត, រុស្ស៊ី គឺជាដៃគូដ៏សំខាន់ក្នុងការរក្សាសន្តិភាព, សន្តិសុខ និងស្ថិរភាព ក្នុងតំបន់។ ជាមួយគ្នានេះ, រុស្ស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន ដែលស្ថិតក្នុងលំដាប់ទី៨។ ចលនាការវិជ្ជមាននៃការធ្វើពាណិជ្ជកម្ម និងវិនិយោគ ត្រូវបានបង្ហាញឱ្យឃើញយ៉ាងជាក់ស្តែងក្នុងរយៈកាល ប៉ុន្មានឆ្នាំចុងក្រោយនេះ។
សម្តេចបានបន្តថា ជាងនេះទៅទៀត, គំនិតផ្តួចផ្តើមជាច្រើនក្នុងផ្នែក ហិរញ្ញវត្ថុ, អប់រំ, ទំនាក់ទំនងធុរកិច្ចនិងធុរកិច្ច និងកម្មវិធីផ្លាស់ប្តូរយុវជន ក៏ត្រូវបានអនុវត្តជាបន្តបន្ទាប់ និងបានផ្តល់តម្លៃបន្ថែម ដល់កិច្ចសហប្រតិបត្តិការរបស់យើង លើការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ឈរលើមូលដ្ឋានដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការនេះ សម្តេចសូមស្នើសុំការអនុញ្ញាតចែករំលែកទស្សនៈមួយចំនួន អំពីវិធីដែលគណបក្សនយោបាយ របស់អាស៊ាន និងរុស្ស៊ី អាចជះឥទ្ធិពលទៅលើនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះរួមមាន៖
ទី១៖ យើងត្រូវផ្តោតលើកិច្ចការចំពោះមុខដែលចាំបាច់បំផុត, ពោលគឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ យើងត្រូវចាត់ទុកកិច្ចការនេះជាបេសកកម្មរួមរបស់មនុស្សជាតិ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺដ៏សាហាវនេះ ហើយយើងក៏គួរចៀសវាងនូវរាល់ផលរំខានផ្នែកនយោបាយទាំងឡាយណា ដែលអាចកើតមានឡើង។
ទី២៖ ក្រោយពេលវិបត្តិជំងឺកូវីដ-១៩, យើងត្រូវរួមគ្នាជំរុញការងើបឡើងវិញប្រកបដោយភាពធន់ទាំងអស់គ្នា។ ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់ថា រុស្ស៊ី និងអាស៊ាន អាចរួមគ្នាជាធ្លុងមួយក្នុងការសម្រេចបាននូវគោលបំណង តាមរយៈការជំរុញរំហូរពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍ រួមទាំងសកម្មភាពផ្សេងៗទៀត។ ទន្ទឹមនេះ, ខ្ញុំសូមគូសបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមរបស់រុស្ស៊ី ជាមួយនឹងអាស៊ាន ជាពិសេសលើការគាំទ្រការអនុវត្តយុទ្ធសាស្ត្រទាំង ៥ នៃ ក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ASEAN Comprehensive Recovery Framework – ACRF)។
ទី៣៖ យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងឱ្យបានទ្វេដង ក្នុងការលើកកម្ពស់ប្រព័ន្ធអន្តរ-ជាតិមួយ ដែលមានអង្គការសហប្រជាជាតិជាស្នូល (UN-Centered International System) និង ការស្ថាបនាឡើងនូវនិមាបនកម្មតំបន់ ដែលមានភាពបើកចំហ, យុត្តិធម៌, ស្ថិរភាព និងភាពអាចប៉ាន់ប្រមាណបាន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្អែកលើគោលការណ៍នៃការគោរព និងយោគយល់គ្នាទៅវិញទៅមក, ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ក្នុងន័យនេះ, ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតនូវការប្រកាន់ខ្ជាប់ទាំងស្រុងរបស់យើងចំពោះគោលនយោបាយមជ្ឈភាពអាស៊ាន ដែលជា គោលការណ៍មិនអាចខ្វះបាន ក្នុងការជំរុញទំនាក់ទំនងការទូតពហុភាគីនៅក្នុងតំបន់នេះ។
ទី៤៖ យើងត្រូវតែជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងទៅលើកិច្ចការនានា ដែលរួបរួមយើងជាធ្លុងមួយ ហើយចៀសវាងនូវរាល់បញ្ហាណាដែលអាចបំបែកបំបាក់យើង ខណៈពេលយើងត្រូវទទួលស្គាល់អំពីតម្រូវការនៃការរក្សាវេទិកាសន្ទនាដែលបើកចំហ និងសេរី ចំពោះភាពខុសគ្នារបស់យើង។ យើងចាំបាច់ត្រូវតែផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការដែលជំរុញឱ្យមានការជឿទុកចិត្តគ្នា និងបង្កើនទំនុកចិត្ត ព្រោះចំណងយុទ្ធសាស្រ្តនេះ ត្រូវបានកសាងឡើងពីការជឿទុកចិត្ត ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការឆ្លើយតបទៅនឹងស្មារតីនៃសង្រ្គាមត្រជាក់។ ការងារមួយចំនួនទៀត ដូចជា ប្រតិបត្តិការរក្សាសន្តិភាព, សន្តិសុខអ៊ីនធឺណិត, ការគ្រប់គ្រងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ គឺជាចំណុចមួយដ៏ល្អសម្រាប់ចាប់ផ្តើមកិច្ចសហប្រតិបត្តិការទាំងនេះ។
ទី៥៖ ចំពោះទិដ្ឋភាពវប្បធម៌, ខ្ញុំសូមផ្តល់ការគាំទ្រទាំងស្រុងចំពោះ «ម៉ារ៉ាតុងវប្បធម៌» ដែលជាគំនិតផ្តួចផ្តើមរបស់គណបក្សរួបរួមរុស្ស៊ី និងមានភាពស៊ីចង្វាក់ទៅនឹងចក្ខុវិស័យរបស់កម្ពុជា ក្នុងការកសាង «ច្រករបៀងវប្បធម៌» ដើម្បីលើកកម្ពស់សន្តិភាព, សុខដុមភាព និងវិបុលភាពរបស់យើង។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ក្នុងការជំរុញទំនាក់ទំនងសន្ទនារវាងអាស៊ាន និងរុស្ស៊ី ជាពិសេសនៅពេល ដែលកម្ពុជានឹងដើរតួជាប្រទេសសម្របសម្រួល សម្រាប់ទំនាក់ទំនងសន្ទនានេះ ចាប់ផ្តើមពីខែ សីហា ឆ្នាំ ២០២១ នេះតទៅ។ កម្ពុជាសង្ឃឹមថា គណបក្សនយោបាយទាំងឡាយរបស់អាស៊ាន និងរុស្ស៊ី នឹងដោះស្រាយឧបសគ្គជាមួយគ្នា និងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតឡើងនូវពិភពលោកមួយ ដែលដ៏ល្អជាងមុន សម្រាប់មិត្តភាព, កិច្ចសហប្រតិបត្តិការ, សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕