(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក ក្នុងនោះយប់៥លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់៦នាក់ និងរបួសស្រាល១នាក់ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៣គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង, រថយន្តធុនតូច៤គ្រឿង, យានផ្សេងៗ១គ្រឿង, ថ្មើរជើង២នាក់ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក (ស្លាប់៣នាក់), ប្រជែង២លើក(ស្លាប់ម្នាក់), ស្រវឹង១លើក (ស្លាប់ម្នាក់)។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៩នាក់ (យប់៦នាក់)។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះផងដែរ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេស មានចំនួន ៧,៣៧៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៣,៣៨៥គ្រឿង ពិន័យសរុប ៣,៩៩៣គ្រឿង៕