(បាត់ដំបង)៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកអំណោយទៅចែកជូនគ្រួសារជនរងគ្រោះមានអ្នកស្លាប់ និងរបួស អ្នកខូចខាតផ្ទះសម្បែងផ្សេងទៀត ដោយសារខ្យល់កន្ត្រាក់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បន្ទាប់ពីទទួលបានពត៌មានពីអនុសាខាស្រុកឯកភ្នំភ្លាម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោកបណ្ឌិត ប៊ុត គឹមសាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់ក្រុមការងារសាខាដែលដឹកនាំដោយលោក សួស សុភក្ភ្រ័ ហិរញ្ញឹកគណៈកម្មាធិការសាខា និងសហការី នាំយកសម្ភារគ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួនទៅចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពលោកស្រី ពិន ឈួក អាយុ ៦៧ឆ្នាំ ដែលរងគ្រោះ ដោយសារខ្យល់កន្រ្តាក់រលំផ្ទះសង្កត់លើ (ស្លាប់) ចំណែកប្តីរបួសរស់នៅភូមិភូមិអូរកំបុត ឃុំព្រែកខ្ពបស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោក សួស សុភក្ភ្រ័ ក្នុងនាមលោក បណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារ កុមាររងគ្រោះដោយក្តីក្រៀមក្រំជាទីបំផុត។
ជាមួយគ្នានេះ ក្នុងនាមលោកបណ្ឌិតប្រធាន លោកក៏បានសម្តែងការចូលរួមរំលែក នូវការសោកស្តាយជាមួយនឹងក្រុមគ្រួសាររងគ្រោះ ដែលបានបាត់បង់ភរិយា ម្តាយ ជីដូនជាទីស្រឡាញ់ស្មើនឹងជីវិត ដោយសារឧបទ្ទវហេតុខាងលើ និងសូមឲ្យកាត់ចិត្តទប់អារម្មណ៍ ព្រោះឧបទ្ទវហេតុដ៏អាក្រក់នេះ វាក៏បានកន្លងហួស ផុតទៅហើយដែរ។
លោកបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងមានការគិតគូរជានិច្ចអំពីសុខទុក្ខចំពោះប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើង ពូជសាសន៍ ប្រពៃណី សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
ក្នុងនោះដែរលោក សួស សុភក្ភ្រ័ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាសុខភាពឲ្យបានល្អ និងអនុវត្តទាំងអស់គ្នាឲ្យបាន ខ្ជាប់ខ្ជួនតាមសាររបស់ក្រសួងសុខាភិបាលគឺ៖ ៣កុំ និង៣ការពារ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងទប់ស្កាត់ការ ឆ្លងរីករាលដាលជាសកលដោយសារជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ផងដែរ។
សូមបញ្ជាក់ជូនថា កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ៣៖០០នាទីរសៀល ខេត្តបាត់ដំបងមានភ្លៀង
ធ្លាក់លាយឡំដោយខ្យល់កន្រ្តាក់ ប៉ះពាល់លើផ្ទះប្រជាពលរដ្ឋ ចំនួន១៨៩ខ្នង ក្នុងស្រុកចំនួន៤ រួមមានស្រុកមោងឬស្សី ចំនួន ១៣៣ខ្នងផ្ទះ ស្រុកសង្កែ ១៦ខ្នងផ្ទះ ស្រុករុក្ខគីរីចំនួន ៨ខ្នង និងស្រុកឯកភ្នំចំនួន ៣២ខ្នងផ្ទះ លើកឃុំចំនួន៣ គឺឃុំព្រែកនរិន្ទ ឃុំព្រែកហ្លូង និងឃុំខ្ពប់បណ្តាលឲ្យស្លាប់មនុស្ស ១នាក់ (ប្រពន្ធ) និងរបួសចំនួន ១នាក់ (ប្តី)។
សម្ភារ និងថវិកាដែលបានចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពរួមមាន៖ អង្ករ ៥០គីឡូក្រាម, មីខ្លាឃ្មុំ ១កេស,ទឹកសុទ្ធ ១០កេស, ត្រីខកំប៉ុង ១យួរ, និងថវិកាមួយចំនួនផងដែរ៕