(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដល់កម្មករ-កម្មការនី រោងចក្រ និងប្រជាពលរដ្ឋទាំងអស់ ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់ដូសទី១ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។
តាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា នៅតាមទីកន្លែងដែលបានរៀបចំរួមមាន៖
*ទី១៖ សាលាខេត្តពោធិ៍សាត់
*ទី២៖ ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិសំពៅមាស
និងទី៣៖ វិទ្យាល័យពោធិ៍សាត់។
សូមបញ្ជាក់ សូមភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ។
រដ្ឋបាលខេត្ត បានបន្ថែមថា សូមកម្មករ កម្មការិនីរោងចក្រ និងប្រជាពលរដ្ឋទាំងអស់ ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ មេត្តាជ្រាបជាព័ត៌មាន និងរួសរាន់មកទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ព្រមទាំងយកចិត្តទុកដាក់អនុវត្តវិធានការ «៣ការពារ ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការនានា ដែលដាក់ចេញដោយរដ្ឋបាលខេត្តពោធិ៍សាត់៕