(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ បានដឹកនាំមន្ត្រីកាំកុងត្រូល សាខាខេត្តព្រះសីហនុ បើកយុទ្ធនាការចុះអប់រំកុមារ នៅតាមសាលាមួយចំនួន ដើម្បីបញ្ជ្រាបការយល់ដឹងពីគុណភាព នៃការជ្រើសយកនំចំណី ឬភេសជ្ជៈគ្រប់ប្រភេទ ដែលមានគុណភាពមកទទួលទាន ។
ព្រមគ្នានេះ លោក ម៉ាង ស៊ីណេត ដែលជាប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់គ្រូបង្រៀន និងអាណាព្យាបាលនៅទូទាំងប្រទេស ឲ្យចូលរួមពិនិត្យ និងផ្សព្វផ្សាយបន្តដល់កុមារតូចៗ នៅផ្ទះត្រូវពិនិត្យមើលនំចំណីផ្សេងៗ ឲ្យមានស្លាកសញ្ញា និងកាលបរិច្ឆេទ នៃការប្រើប្រាស់ឲ្យបានត្រឹមត្រូវ មុននឹងជ្រើសយកទៅទទួលទាន ដោយការអំពាវនេះ នៅខណៈពេលដែលលោកដឹកនាំមន្រ្តីចុះ យុទ្ធនាការចុះអប់រំកុមារ នៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យ កម្មករ ក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ កុ្រងខេត្តព្រះសីហនុ ។
លោក ម៉ាង ស៊ីណេត សង្កត់ធ្ងន់ថា គ្រប់ប្រភេទមុខទំនិញ ដែលវេចខ្ចប់មិនបានល្អ គ្មានស្លាកសញ្ញាត្រឹមត្រូវ គ្មានចុះទីតាំងផលិត ឬក្រុមហ៊ុនត្រឹមត្រូវ និងហួសកាលកំណត់ប្រើប្រាស់ជាដើម ត្រូវហាមដាច់ខាត មិនឲ្យយកមកប្រើប្រាស់នោះទេ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ កុមារតូចៗ រៀននៅសាលាបឋមសិក្សាកម្មករ ដែលចូលរួមស្ដាប់ការបង្ហាញរបស់មន្ត្រីជំនាញ ហាក់មានការចាប់អារម្មណ៍ និងយល់ដឹងអំពីការណែនាំ និងការអប់រំទាក់ទងការជ្រើសយកនំចំណី កំប៉ុង ឬដបកំពិត និងគ្រឿងអាហារកំប៉ុងគ្រប់ប្រភេទ ដែលហួសគុណភាព គ្មានស្លាកសញ្ញាត្រឹមត្រូវ និងលើសថ្ងៃកំណត់ប្រើប្រាស់ជាដើម នឹងមិនទិញយកមកទទួលទានទៀតទេ។
អ្នកស្រី ដាន មុំ នាយិកាសាលាបឋមសិក្សាកម្មករ ក្រុងព្រះសីហនុ បានស្វាគមន៍មន្ត្រីជំនាញស្ថាប័នកាំកុងត្រូល ដែលជ្រើសយកសាលាអ្នកស្រី ដើម្បីផ្តល់ការអប់រំដល់កុមារឲ្យ បានយល់ដឹងពីការជ្រើសយកនំចំណី និងអាហារផ្សេងៗ ឲ្យមានគុណភាព ដើម្បីរក្សាសុខភាពទាំងអស់គ្នា។
អ្នកស្រីអំពាវនាវដល់អាណាព្យាបាលគ្រប់រូប ពិសេសលោកគ្រូអ្នកគ្រូនៅទូទាំងប្រទេស ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីសុខភាពកុមារ និងប្រជាពលរដ្ឋទូទៅ រស់នៅមានសុខភាពល្អ ។
ក្នុងថ្ងៃដដែលនេះ អនុប្រធានកាំកុងត្រូលសាខា ខេត្តព្រះសីហនុ លោក ជា ប៉ិច បានឲ្យដឹងថា ស្ថាប័ននេះក៏បានដុតបំផ្លាញ ទំនិញខូចគុណភាព ទំនិញមានផ្ទុកសារធាតុគីមី និងហួសកំណត់ប្រើប្រាស់ប្រមាណ ២០ប្រភេទ និងមានទម្ងន់ប្រមាណ ២០០គីឡូ ដែលចាប់បានពីតាមទីផ្សារនានា នៅទូទាំងខេត្តព្រះសីហនុ ចាប់ពីដើមខែមករា រហូតមកដល់ខែមីនា។
លោកបន្តថា ការងារចុះពិសោធន៍ និងពិនិត្យមុខទំនិញផ្សេងៗ ដែលអាជីវករបោះដុំ និងលក់រាយនៅផ្សារនាមូលដ្ឋាននេះ ដើម្បីរកសារធាតុគីមី ឬមុខទំនិញគ្មានគុណភាព និងលើសកំណត់ប្រើប្រាស់របស់មន្ត្រីជំនាញកាំកុងត្រូលខេត្តព្រះសីហនុ នឹងបន្តជារៀងរាល់ខែ៕