(ព្រះវិហារ)៖ នារសៀលថ្ងៃ១៨ ខែមីនា ឆ្នាំ២០១៦នេះ ប្រតិភូខណ្ឌចំនួន៣រួមមាន ខណ្ឌជ្រោយចង្វារដឹកនាំដោយ លោក ឃ្លាំង ហួត អភិបាលខណ្ឌ, ខណ្ឌដូនពេញ ដឹកនាំដោយលោក គួច ចំរើន អភិបាលខណ្ឌ និងខណ្ឌឬស្សីកែវដឹកនាំដោយ លោក ជា ពិសី អភិបាលខណ្ឌ រួមនឹងសប្បុរសជនក្នុងមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវ អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអំណោយរបស់ សប្បុរសជន ក្នុងមូលដ្ឋានឧបត្ថម្ភដល់ បងប្អូនកងទ័ព និងគ្រួសារទ័ពនៅសមរភូមិមុខចំនួន ១៥២គ្រួសារ នៃវរៈសេនាតូច៣៩១ ដែលជាវរៈសម្ព័ន្ធមេត្រីភាពជាមួយខណ្ឌទាំង៣ ស្ថិតនៅភូមិសែនរុងរឿង៣ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ការឧបត្ថម្ភអំណោយនេះ គឺជាការលើកទឹកចិត្ត និងគាំទ្រជានិច្ចនូវគំរូវីរភាពដ៏ អង់អាចក្លាហានរបស់បងៗ កងទ័ពនៅសមរភូមិមុខ និងគ្រួសារទ័ព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខផងដែរ និងជាពិសេសដើម្បីរួមចំណែក ក្នុងស្មារតីសេ្នហាជាតិ តាមពាក្យស្លោក «ការពារជាតិ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីការពារជាតិ»។
តំណាងឱ្យគណៈប្រតិភូ របស់ខណ្ឌទាំង៣ លោក គួច ចំរើន នាឱកាសនោះ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបានពាំនាំនូវ ការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំង២ពីចម្ងាយ ជូនចំពោះបងប្អូនកងទ័ព និងគ្រួសារ ដែលលោកតែងតែយកចិត្តទុកដាក់គិតគូដល់បងប្អូនជានិច្ច មិនតែប៉ុណ្ណោះ លោកតែងតែដាស់តឿនដល់មន្ត្រីនៅសមរភូមិក្រោយ ឱ្យចងសម្ព័ន្ធមេត្រីភាព ជួយឧបត្ថម្ភកងទ័ព និងគ្រួសារទ័ពជានិច្ច។
លោក គួច ចំរើន បានបន្តទៀតថា ចំពោះលោកផ្ទាល់ និងគណៈប្រតិភូទាំងអស់ នៅសមរភូមិក្រោយ សូមកោតសរសើរ យ៉ាងខ្លាំងដល់គំរូវីរៈភាព ដ៏អង់អាចក្លាហានរបស់បងៗកងទ័ពយើង ដែលឈរជើងការពារ ខ្សែក្រវាត់ព្រំដែនប្រចាំទិសព្រះវិហារ ព្រមទាំងពាំនាំយក អំណោយ និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ មកចែកជូនកងទ័ព និងគ្រួសារកងទ័ព ដើម្បីរួមចំណែកកសាង ការពារបូរណភាពទឹកដី ឱ្យបានគង់វង្ស និងអភិវឌ្ឍប្រទេសឱ្យ កាន់រីកចំរើនជឿនលឿនទៅអនាគត។
ថវិកា និងគ្រឿងឧបភោគបរិភោគ រួមមានដូច ខាងក្រោម៖ សម្រាប់គ្រួសារទ័ព ក្នុងមួយគ្រួសារៗ៖ ១-អង្ករ ០១ការុង (២៥គ.ក្រ), ២-មីខ្លាឃ្មុំ ០១កេស, ៣-ទឹកត្រី ០១យួរ, ៤-ទឹកស៊ីអ៊ីវ ០១យួរ, ៥-ត្រីខកំប៉ុង ០១យួរ, ៦-ប្រេងឆា ០២ដប, ៧-ប៊ីចេង ០១គ.ក្រ, ៨-សារុង ០១, ៩-ក្រមា ០១ និង១០-ថវិកា ១០០,០០០រៀល។ សម្រាប់អង្គភាព៖ ១-ថវិកា ៣,០០០,០០០រៀល, ២-ស័ង្កសី ៥០០សន្លឹក, ៣-ប្រេងម៉ាស៊ូត ១,០០០លីត្រ, ៤-កូនដូង ៥០ដើម, ៥-កូនស្វាយ ១០០ដើម និង ៦-គ្រាប់ពូជបន្លែគ្រប់ប្រភេទ១១មុខ។ សម្រាប់ប្រធានវរៈ អនុប្រធានវរៈ ប្រធាន «គ» និងប្រធាន »ខ» ១-ប្រធានវរៈ ០១នាក់ ៣០០,០០០រៀល, ២-អនុប្រធានវរៈ ០៦នាក់ ក្នងម្នាក់ ២០០,០០០រៀល, ៣-ប្រធាន «គ» ០៤នាក់ ក្នងម្នាក់ ១៥០,០០០រៀល និង ៤-ប្រធាន «ខ» ចំណុះវរៈ ០៣នាក់ ក្នងម្នាក់ ១២០,០០០រៀល។ ឧបត្ថម្ភផ្សេងៗ៖ ១-ជួយស្តារស្រះទឹកចំនួន០២ចំណាយថវិកា ១,០៥០ដុល្លារ, ២-ចូលបុណ្យសពអនុប្រធានវរៈ ចំនួន ០១នាក់ ថវិកា ៣០០ដុល្លារ, ៣-ជួយថ្លៃព្យាបាល ជម្ងឺដល់ស្ត្រីម្នាក់ដែលកើតជម្ងឺពីសដៃស្តាំ នឹងត្រូវបញ្ជូនមកសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែតនៅថ្ងៃចន្ទខាងមុខនេះ និង៤-ផ្សេងៗ ១,៥៥០,០០០រៀល។
ទន្ទឹមនឹងអំណោយដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើ សម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភនូវគោយន្តចំនួន០៣គ្រឿង ចំណាយថវិកា ៩,០០០ដុល្លារ បន្ថែមទៀតផងដែរ។ សរុបថវិកាទាំងអស់ចំនួន ៥៦,០៦២,៩០០រៀល និង ១០,៣៥០ដុល្លារ៕