(កំពង់ចាម)៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ គឺជាថ្ងៃចាប់ផ្តើម ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋរបស់រដ្ឋបាលខេត្តកំពង់ចាម។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារចុះពិនិត្យតាមគោលដៅនានា នៃការរៀបចំរបស់ក្រុមគ្រូពេទ្យក្នុងយុទ្ធនាការនេះ។

ក្នុងដំណើរចុះត្រួតពិនិត្យនាពេលនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» សំដៅបង្កើតឱ្យមានភាពស៊ាំ ក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានរៀបចំផែនការខេត្ត ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង ជាមួយអាជ្ញាធរឃុំ-សង្កាត់ក្នុងស្រុកបាធាយ,ស្រុកជើងព្រៃ, ស្រុកព្រៃឈរ, ស្រុកកំពង់សៀម និងក្រុងកំពង់ចាម។

ដូច្នេះប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយអាជ្ញាធរឃុំ-សង្កាត់, កម្មករកម្មការិនី តាមរោងចក្រ សហគ្រាស និងបងប្អូនដែលរស់នៅតាម បណ្តាក្រុង-ស្រុកខាងលើ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ នៅតាមទីតាំងចាក់វ៉ាក់សាំង ដែលរដ្ឋបាលខេត្តបានរៀបចំ ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១នេះតទៅ ដែលមានរយៈពេល ១៤ថ្ងៃ ក្នុងការចាក់ដូសលើកទី១ ដោយ-ពេលព្រឹកចាប់ម៉ោង ០៨:០០នាទី ដល់ម៉ោង ១១.០០នាទី និងពេលរសៀល ចាប់ពីម៉ោង ១៣:០០នាទី ដល់ម៉ោង ១៦:០០នាទី។

លោកអភិបាលខេត្តបានបញ្ជាក់ថា សម្រាប់ក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកព្រៃឈរ គឺមានចំនួន ២៧គោលដៅ ដែលមានគ្រូពេទ្យតាមគោលដៅចំនួនសរុប ៧៦០នាក់។ ដោយឡែក សម្រាប់ស្រុកជើងព្រៃ និងស្រុកបាធាយ មានក្រុមគ្រូពេទ្យកងយុទ្ធពលខេមរភូមិន្ទ កំពុងបំពេញភារកិច្ចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅទីនោះផងដែរ៕