(ភ្នំពេញ)៖ លោក ហង្ស សុវណ្ណរតនា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នជនត្រូវចោទឈ្មោះ សៅខូ ចន្ទ័សូឡារ ដាក់ពន្ធនាគារព្រៃសរ ដើម្បីរង់ចាំការជំនុំជម្រះទោសនៅពេលក្រោយ។
ការសម្រេចឃុំខ្លួនជនត្រូវចោទរូបនេះ គឺធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បន្ទាប់ពីលោកស្រី សុង ឆវ័ន្ម ព្រះរាជអាជ្ញារង បានចោទប្រកាន់ពីបទ «ក្លែងស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ, ក្លែងឯកសាររបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ, ឯកសារក្រសួងមហាផ្ទៃ និងក្លែងខ្លួនជានាយករង នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន» ជាដើម។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនជាប់សង្ស័យឈ្មោះ សៅខូ ចន្ទ័សូឡារ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៉ើបសួរ និងឈានទៅរកកាចោទប្រកាន់តាមច្បាប់។ បន្ទាប់ពីជនសង្ស័យរូបនេះ ត្រូវចាប់ខ្លួនពាក់ព័ន្ធក្លែងខ្លួន ជានាយករង នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រព្រឹត្តនៅភូមិចម្ការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។
ជនសង្ស័យរូបនេះ បានក្លែងអត្តសញ្ញាណប័ណ្ណនគរបាលជាតិ (លួចបន្លំអត្តលេខ), ក្លែងប្រកាសក្រសួងមហាផ្ទៃ ស្ដីពីការតម្លើងឋានន្ដរស័ក្ដិមន្ដ្រីនគរបាលជាតិ និងប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិដោយខុសច្បាប់, ក្លែងបន្លំលិខិតបេសកកម្ម របស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ដាក់តួនាទីជា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, ក្លែងបន្លំលិខិតបេសកកម្មរបស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌, ប្រើប្រាស់ និងជួញដូរអាវុធខុសច្បាប់។
សូមរំលឹកថា ជនសង្ស័យរូបនេះ ត្រូវបានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ខ្លួននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ និងបានប្រគល់មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបន្ដសួរនាំ និងចាត់ការតាមនីតិវិធី។ ក្រោយបញ្ចប់ការសួរនាំ និងកសាងសំណុំរឿងចប់សព្វគ្រប់ ជនសង្ស័យត្រូវបានកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១៕