(ភ្នំពេញ)៖ «ចម្ការឈើដាំមានតួនាទីសំខាន់ទាំងការបម្រើឱ្យផ្នែកបរិស្ថាន និងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋានហើយការវិនិយោគលើចម្ការឈើដាំត្រូវបានឃើញមានកំណើនឡើងដូចជាការដើម៉ៃសាក់ អាកាស្សា ម៉ៃសាក់ អង្កាញ់ ប្រេងខ្យល់ជាដើម»។
នេះគឺជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅអំឡុងពេលចុះទស្សនកិច្ចកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅចម្ការម៉ៃសាក់ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន មកពីប្រទេសអ៊ីស្រាអែល ដាំទំហំ ៣៥០ហិកតា នៅក្នុងដីសហគមន៍តំបន់ការពារធម្មជាតិតាសាល ក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ចម្ការម៉ៃសាក់នេះមានការលូតលាស់ល្អ និងគ្រោងប្រមូលផលក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។
លោករដ្ឋលេខាធិការបានថ្លែងថា ទន្ទឹមនឹងការរឹតបន្តឹងជាសកលលើការនាំចេញនិងប្រើប្រាស់ ឈើដែលដកហូតពីព្រៃធម្មជាតិកាន់តែខ្លាំង តម្រូវការនៃការប្រើប្រាស់ឈើដែលបានមកពីចម្ការឈើដាំ ដូចជាអាកាស្សា ម៉ៃសាក់ អង្កាញ់ ប្រេងខ្យល់ជាដើមសម្រាប់ផលិតគ្រឿងសង្ហារឹម មានការកើនឡើងគួរឱ្យកត់សម្គាល់។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបន្តថា ការវិនិយោគលើដាំចម្ការឈើផ្តល់ផលប្រយោជន៍ច្រើន ដូចជា៖ បង្កើតការងារ និងការបង្កើនចំណូលដល់សហគមន៍មូលដ្ឋាន និងផ្តល់ចំណូលដល់សេដ្ឋកិច្ចជាតិ កាត់ បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិ និងការបង្កើនគម្របព្រៃឈើសម្រាប់កម្ពុជាផងដែរ»។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា ជាទូទៅនៅតាមសហគមន៍មូលដ្ឋាន មានដីព្រៃរេចរឹលប្រមាណ ៣០-៥០% នៃផ្ទៃដីសរុប។ ក្រសួងបរិស្ថានបានលើកទឹកចិត្ត និងជំរុញការដាំឈើនៅលើដីរេចរឹលរបស់សហគមន៍មូលដ្ឋាន នៅក្នុងផ្ទៃដីតំបន់ការពារធម្មជាតិ ក៏ដូចជាតំបន់ដទៃទៀត ដើម្បីស្តាគម្របព្រៃផង និងបង្កើនប្រភពចំណូលដល់សហគមន៍មូលដ្ឋាន។
បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្រសួងបានអនុញ្ញាតឱ្យប្រជាសហគមន៍អាស្រ័យផលលើផ្ទៃដីរដ្ឋក្នុងទំហំមួយសមស្រប ដែលផ្ទៃដីនេះពួកគាត់អាចសហការជាមួយក្រុមហ៊ុនឯកជនក្នុងដាំអាកាស្សា ដើមម៉ៃសាក់ ដើមអង្កាញ់ជាដើមដើម្បីរកចំណូលដល់សហគមន៍ និងដើម្បីអភិរក្សជីវៈចម្រុះ។ តាមកិច្ចផ្តួចផ្តើមនេះ សហគមន៍តាសាលនៅក្នុងខេត្តកំពង់ស្ពឺ បានសហការជាមួយក្រុមហ៊ុន អ៊ីស្រាអែលដាំដើមម៉ៃសាក់ លើផ្ទៃដី ៣៥០ហិកតា និងក្រុមហ៊ុន មួយ ទៀតនឹងដាំអាកាស្សាលើផ្ទៃដី ៨៥០ហិកតា។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បន្ថែមលើនេះ ក្រសួងបរិស្ថាន បាននឹងកំពុងផ្តល់កូនអាកាស្សាចំនួន ១លានដើម ក្នុងឆ្នាំ២០២១ ដល់ឃុំចំនួន ៨ក្នុងស្រុកពារាំង ខេត្តព្រៃវែង និងទីកន្លែងផ្សេងទៀត ដែលជាកិច្ចសហ ការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំរុញការងារនេះ។ តាមបទពិសោធន៍ថ្មីៗរបស់ក្រុមហ៊ុនខាមអាក្រា ដើម្បីទទួលបានទិន្នផលខ្ពស់ យើងគួរដាំអាកាស្សាចំនួន ១១១០ដើម ក្នុងមួយហិកតា ដែលផ្តល់ឈើមូលស្តង់ដាទីផ្សារចំនួន ៧៥ម៉ែតគូប និងឈើប្រភេទអុសចំនួន ៦៥ម៉ែត្រគូបក្នុងរយៈពេល៥ឆ្នាំ។ តាមតម្លៃទីផ្សារនាពេលបច្ចុប្បន្ន ការដាំអាកាស្សាដែលទុកឱ្យមានអាយុ៥ឆ្នាំ អាចផ្តល់ប្រាក់ចំណូល ៦៧៨០ ដុល្លាក្នុងមួយហិកតា។
លោកបានបន្ថែមថា «ចម្ការម៉ៃសាក់ នៅក្នុងតំបន់សហគមន៍ធម្មជាតិតាសាល ខេត្តកំពង់ស្ពឺដែល បានដាំនេះបានបម្រើឱ្យសេដ្ឋកិច្ចគឹមានន័យថាដើមម៉ៃសាក់ដែលដាំនេះ គឺនឹងចូលរួមនៅក្នុងការផ្គត់នៅក្នុងទីផ្សារ ប្រើប្រាស់សម្រាប់កែច្នៃជាគ្រឿងសង្ហារឹម និងគ្រឿងផ្សេងៗទៀតក៏ដូចជាការកាត់បន្ថយសម្ពាធលើការដកហូតឈើធម្មជាតិមកប្រើប្រាស់ ហើយដើមម៉ៃសាក់នេះ គឹចម្ការឈើដាំនេះនិងដើរតួនាទីជំនួយសឱ្យការប្រើប្រាស់ឈើធម្មជាតិ ហើយប្រសិនបើមានចម្ការឈើដាំច្រើននោះសម្ពាធទៅលើឈើធម្មជាតិក៏កាន់តែធ្លាក់ចុះ ហើយយើងនឹងអាចការពារធនធានធម្មជាតិព្រៃឈើនិងសត្វព្រៃរបស់ យើងដោយប្រសិទ្ធភាពខ្ពស់បំផុតនិងបន្សល់ទុកសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»។
បន្ថែមពីនេះ លោក នេត្រ ភក្រ្តា បានគួសបញ្ចាក់ថា រាជរដ្ឋាភិបាលបានជំរុញ និងគាំទ្រលើការវិនិយោគ ឧស្សាហកម្មចម្ការឈើដាំដើម្បីជំនួសលើការប្រើប្រាស់ឈើធម្មជាតិ។ ការជំរុញការដាំចម្ការឈើដាំនេះ មិនមែនត្រឹមតែលើដីព្រៃរិចរិលនៅតាមតំបន់សហគមន៍ទេ ប៉ុន្តែក្រសួងបាននិងកំពុងជំរុញទៅលើការដាំចម្ការឈើដាំនេះ នៅក្រៅពីដែននៃតំបន់ការពារនិងតំបន់សហគមន៍ផងដែរ។ កន្លងមកនេះក្រសួងបរិស្ថាន បានសម្របសម្រួល ក៏ដូចជាបានផ្តលនូវប្រភេទពូជឈើមួយចំនួនដែលងាយនិងដាំ ដូចជា ដើមម៉ៃសាក់ ដើមអាកាស្យា ដើមប្រេងខ្យល់ជាដើម ទៅដល់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ដែលគាត់មានដីច្រើន ដើម្បីដាំសម្រាប់ការប្រើប្រាស់តទៅមុខទៀត។
តំណាងក្រុមហ៊ុនដាំឈើម៉ៃសាក់ មកពីប្រទេសអ៊ីស្រាអែល លោក យុថាន ហ្គ្រោស បានឱ្យដឹងថា ក្រុមហ៊ុនពិតជាមានកិត្តិយសណាស់ ដែលថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានអញ្ជើញមកទស្សនកិច្ចនៅក្នុងចម្ការឈើដាំនេះ។
លោកបន្ថែមថា «ក្រុមហ៊ុនពិតជារីករាយនូវការនាំយកគម្រោងនេះ មកទីនេះ ហើយនៅទីនេះ ថ្ងៃណាមួយនិងក្លាយចាតំបន់ដ៏មានសក្កានុពល បែបពាណិជ្ជកម្មមួយនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានក្តីសង្ឃឹមថា និងមានកិច្ចសហការបន្ថែមទៀត ជាមួយប្រជាសហគមន៍ ជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា»។ គម្រោងនេះ និងជោគជ័យ ហើយនិងផ្តលប្រយោជន៍ដល់ប្រទេស និងប្រជាជនកម្ពុជា។
លោកយុថាន ហ្គ្រោស បន្ថែមថា គម្រោងឆ្នាំដំបូង គឺគួរឱ្យចាប់អារម្មណ៍ខ្លាំង ដោយក្រុមហ៊ុនមានការធ្វើការយ៉ាងជិតស្និតជាមួយប្រជាសហគមន៍ ដោយបានកម្លាំងពលកម្ម ចូលរួមដោយផ្ទាល់នៅក្នុងមូលដ្ឋាននេះ ដែលនឹងផ្តល់ការងារជូនពួកគាត់ប្រកបដោយចីរភាព។
អ្នកស្រី ភុន សំណាង តំណាងប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានលើកឡើងថា ការដាំឈើម៉ៃសាក់ របស់អ្នកជំនាញមកពីប្រទេសអ៊ីស្រាអែលនេះ គឺធំលឿន ហើយបានឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះមានការងារធ្វើ។ អ្នកស្រីបន្ថែមថា ប្រសិនបើព្រៃឈើនៅគង់វង់ប្រជាពលរដ្ឋអាចដើររកបន្លែនៅក្នុងព្រៃនេះ បេះយកទៅលក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែមពីលើចំណូលដែលមាន។
តំណាងសហគមន៍រូបនេះបានបន្ថែមថា កិច្ចការពារព្រៃឈើដែលក្រសួងបរិស្ថាន បានដាក់មកគឺល្អសម្រាប់ប្រជាសហគមន៍ ព្រោះថា ប្រសិនបើព្រៃឈើបាត់បង់ នោះប្រជាពលរដ្ឋមិនជាទៅរកអ្វីនោះទេ ប្រសិនបើមានក្រុមហ៊ុនវិនិយោគនៅទីនេះគឺពួកគាត់បានប្រាក់កម្រៃពីការធ្វើការជូនក្រុមហ៊ុន និងអាចបេះបន្លែបង្ការយកទៅលក់ផងដែរ។ លោកស្រី ភុន សំណាង បានបន្តថា ប្រសិនបើបានលុយពីការជួលដីនៅក្នុងសហគមន៍ ដើម្បីឱ្យក្រុមហ៊ុនេះពង្រីកការដាំចម្ការម៉ៃសាក់នេះ គឺប្រជាពលរដ្ឋចង់ឱ្យយកទៅធ្វើទឹកស្អាត និងបង្កើតការចងការប្រាក់សម្រាប់បងប្អូន ដែលមានអត្រាការប្រាក់ទាប ជាជាងទៅខ្ចីពីខាងក្រៅ។
គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានសហការជាមួយក្រសួងពាក់ព័ន្ធ បាននិងកំពុងតែអនុវត្តន៍នូវគោលនយោបាយ ជំរុញចម្ការឈើដាំនេះផងដែរ។ សម្រាប់ចម្ការឈើដាំ នៅក្នុងប្រទេសកម្ពុជា មើលឃើញថាជាការចាប់ផ្តើម ហើយចម្ការឈើដាំទាំងអស់នេះ គឺបានបង្ហាញពីភាពវិជ្ជមានជាមួយនឹងបច្ចេកទេសនៃការដាំ ហើយប្រភេទឈើដែលទទួលបានផលលឿន ជាក់ស្តែងការដាំរបស់ក្រុមហ៊ុន ស៊ីងបាយអូថេក Think Biotech នៅក្នុងខេត្តក្រចេះ គ្រោងនឹងដាំកូនដើមឈើនៅលើផ្ទៃដីទំហំ ៨,៥០០ហិកតា ស្មើនឹងកូនឈើប្រមាណ ១០លានដើម ក្នុងរយៈពេល៤ខែ ចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២១នេះ។
តាមផែនការគ្រោងទុកការដាំដុះជំហានទី១ នឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥ខាងមុខ លើផ្ទៃដីប្រមាណ ១០០,០០០ហិកតា ដែលស្មើនឹងកូនឈើប្រមាណ ១០០លានដើម ទៅ១២០លានដើម។ ចម្ការឈើដាំនេះ បាននឹងកំពុងលូតលាស់ល្អក៏ប្រកបទៅដោយគុណភាព និងការដាំប្រកបដោយបច្ចេកទេសខ្ពស់ ដែលនឹងផ្តល់ផលល្អរហ័ស សម្រាប់ការផ្គត់ផ្គង់ទៅលើទីផ្សារហើយទៅថ្ងៃខាងមុខ និងផ្លាស់ប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋទៅលើធនធានធម្មជាតិផងដែរ៕