(ភ្នំពេញ)៖ កាលពី១០០ឆ្នាំមុន ប្រទេសចិនជាប្រទេសដែលរងការគំរាមកំហែងពីប្រទេសលោកខាងលិច ស្ថានភាពច្របូកច្របល់ ប្រទេសជាតិចុះខ្សោយក្រីក្រ ប្រជាជនស្ទើរតែគ្មានទីជម្រក។ ពេលដែលប្រទេសចិនមានបញ្ហាផ្ទៃក្នុង និងទទួលរងការឈ្លានពានពីបរទេស ហើយប្រជាជាតិស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងហានិភ័យខ្លាំង គណបក្សកុម្មុយនិស្តចិនក៏ត្រូវបានបង្កើតឡើងកាលពីខែកក្កដា ឆ្នាំ១៩២១ ដោយបានចាត់ទុកសេចក្តីសុខរបស់ប្រជាជនចិន និងការស្តារឡើងវិញនៃប្រជាជាតិចិនជាបឋមចិត្ត និងបេសកកម្មរបស់ខ្លួន។ ឆ្លងកាត់ការតស៊ូពុះពាររាល់លំបាកអស់រយៈពេលមួយសតវត្សរ៍ បានអភិវឌ្ឍន៍ខ្លួនពីគណបក្សដែលមានសមាជិកតែជាង៥០នាក់រហូតក្លាយទៅជាគណបក្សកាន់អំណាចធំជាងគេលើពិភពលោកដែលមានសមាជិកបក្សជាង៩១លាននាក់។
ប្រទេសចិនបច្ចុប្បន្ននេះ បានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ នៅលើពិភពលោក ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗជាមធ្យម មានចំនួនលើសពី១ម៉ឺនដុល្លារអាមេរិក បានលុបបំបាត់បញ្ហាភាពក្រីក្រទាំងស្រុង និងបានរួមចំណែកជាង៣០% សម្រាប់អត្រាកំណើនសេដ្ឋកិច្ចពិភពលោកពេញមួយឆ្នាំ។
ប្រឈមមុខជាមួយបញ្ហាជំងឺវីរុសកូវីដ-១៩ ដែលពុំធ្លាប់មាន ប្រទេសចិនទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនគួរឱ្យកត់សម្គាល់ ក្នុងការទប់ស្កាត់លើជំងឺមួយនេះ ហើយមានចំនួននៃការចាក់វ៉ាក់សាំងកូវីដលើសពី១ពាន់លានដូស និងចំនួនវ៉ាក់សាំងកូវីដដែលបាននាំចេញទៅក្រៅប្រទេសលើសពី ៣០០ លានដូស។ ត្រឹមឆ្នាំ២០២០ ចិនបាននាំចេញម៉ាសចំនួនជាង២២៤.២ពាន់លានបន្ទះ សម្លៀកបំពាក់ការពារមានចំនួន២.៣១ពាន់លានសម្រាប់ និងម៉ាស៊ីនដកដង្ហើមចំនួន ២៧.១ ម៉ឺនគ្រឿង។
ហេតុអ្វីចិនអាចធ្វើបាន?
គឺដោយសារតែមានគណបក្សកុម្មុយនិស្តចិន ដែលជាស្នូលដឹកនាំដ៏រឹងមាំ បានបង្រួបបង្រួមប្រជាជនចិនដែលធ្លាប់ត្រូវមហាអំណាចហៅថាជា «ខ្សាច់រប៉ាត់រប៉ាយគ្មានសាមគ្គីភាព» បានបណ្តេញជនបរទេសដែលឈ្លានពាន បានលុបបំបាត់សន្ធិសញ្ញាទាំងឡាយដែលមិនស្មើភាពគ្នា និងបានបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ បានស្ថាបនាប្រព័ន្ធមូលដ្ឋាននៃសង្គមនិយមជំរុញកសាងប្រព័ន្ធសង្គមនិយម បានបើកមាគ៌ាសង្គមនិយមដែលមានលក្ខណៈពិសេសនៃចិន និងជួយប្រជាជាតិចិនដែលមានប្រវត្តិសាស្រ្តអរិយធម៌ជាង ៥០០០ ឆ្នាំ ឱ្យបោះជំហានឈានទៅកាន់ទំនើបកម្មគ្រប់ជ្រុងជ្រោយ។ នេះគឺជាជម្រើសនៃប្រវត្តិសាស្រ្ត ក៏ជាជម្រើសរបស់ប្រជាជនផងដែរ។
ហេតុអ្វីបានជាគណបក្សកុម្មុយនិស្តចិនអាចធ្វើបាន? មានហេតុផលជាច្រើន ប៉ុន្តែកត្តាសំខាន់បំផុតមានចំនួន៣៖
ទី១៖ គឺការប្រកាន់ខ្ជាប់នូវគោលការគ្រឹះបម្រើប្រជាជនដោយអស់ពីចិត្ត។ ការប្រកាន់ខ្ជាប់យកប្រជាជន និងមាគ៌ាសាធារណជនជាធំ ទទួលបានការការពារដោយស្មោះពីសំណាក់មហាជនទូទៅ។ តាមលទ្ធផលនៃការស្ទង់មតិផ្សេងៗបានបង្ហាញថា ការពេញចិត្តរបស់ប្រជាជនចិនចំពោះរដ្ឋាភិបាល និងគណបក្សកុម្មុយនីស្តចិនមានចំនួនខ្ពស់ជាងគេក្នុងចំណោមប្រទេសលើសកលលោក ហើយក៏មានកំណើនកើនឡើងឥតឈប់ឈរផងដែរ។
ទី២៖ គឺការប្រកាន់ខ្ជាប់ដើរលើមាគ៌ារបស់ខ្លួន។ ស្គាល់ និងចាប់យកស្ថានភាពប្រទេសចិនយ៉ាងច្បាស់លាស់។ ចាក់ឫសនៅក្នុងប្រទេសចិន ស្រូបយកសមិទ្ធផលដ៏លេចធ្លោនៃអរិយធម៌មនុស្សជាតិ បង្កើតជាមាគ៌ាសង្គមនិយមដែលមានលក្ខណៈពិសេសនៃចិន សម្រេចបានអច្ឆរិយៈសំខាន់ៗចំនួនពីរ គឺការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនិងស្ថិរភាពសង្គមរយៈពេលវែង។
ទី៣៖ គឺការប្រកាន់ខ្ជាប់កិច្ចពង្រឹងកសាងបក្ស។ លើកកម្ពស់ការច្នៃប្រឌិតទ្រឹស្តីនៃការអនុវត្តជាក់ស្តែង ហ៊ានប្រឈមមុខនឹងបញ្ហាដោយផ្ទាល់ មានភាពក្លាហានក្នុងការធ្វើបដិវត្តខ្លួនឯង លើកកម្ពស់ស្ថាបនាបក្សនិងរដ្ឋាភិបាលដោយភាពស្អាតស្អំ និងបន្តលើកកម្ពស់សមត្ថភាពច្នៃប្រឌិត សមត្ថភាពប្រមូលផ្តុំ និងសមត្ថភាពយកជម្នះនៃបក្ស។
ដំណើរប្រវត្តិសាស្រ្តដែលចិន បានឆ្លងកាត់ក្នុងបដិវត្ត ការស្ថាបនា និងការអភិវឌ្ឍអស់រយៈពេល១០០ឆ្នាំកន្លងមកនេះ បានធ្វើឱ្យយើងកាន់តែស្រឡាញ់និងរក្សាជាមួយស្ថានភាពដ៏ល្អបវរដែលបានមកដោយលំបាកនេះ ក៏កាន់តែគោរពជាមួយសិទ្ធិនិងការខិតខំប្រឹងប្រែងរបស់ប្រជាជនបណ្ដាប្រទេស ក្នុងការស្វែងរកមាគ៌ានៃការអភិវឌ្ឍន៍ដែលសមស្របជាមួយស្ថានភាពប្រទេសជាតិខ្លួន ប្រឆាំងជាមួយទង្វើដែលប្រើអំណាចដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ គៀបសង្កត់អ្នកដទៃ និងការដាក់ទណ្ឌកម្មគំរាមកំហែងគេឯង។
យើងអំពាវនាវការពិភាក្សាគ្នាដោយស្មើភាពគ្នា បើកចំហច្នៃប្រឌិត រួមសុខទុក្ខជាមួយគ្នា ការពារសច្ចធម៌យ៉ាងមុតមាំ ប្រកាន់ខ្ជាប់លើគោលការពិភាក្សារួម កសាងរួម ចែករំលែករួម ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ បង្កើតជាអនាគតដែលមានលក្ខណៈជោគជ័យនិងចែករំលែករួម អភិវឌ្ឍនិងវិបុលភាព សុខភាពនិងសុវត្ថិភាព គោរពនិងសិក្សាពីគ្នាទៅវិញទៅមក។
យើងអំពាវនាវការផ្សព្វផ្សាយគុណតម្លៃមនុស្សជាតិរួម ដែលប្រកបដោយសន្តិភាព ការអភិវឌ្ឍន៍ យុត្តិធម៌ សច្ចធម៌ ប្រជាធិបតេយ្យ និងសេរីភាព។
យើងអំពាវនាវការបង្កើតឱកាសកាន់តែច្រើន សម្រាប់ពិភពលោកដោយតាមរយៈការអភិវឌ្ឍរបស់ប្រទេសចិន ហើយយើងតែងតែចូលរួមជាមួយកម្លាំងដែលមានគោលដៅអភិវឌ្ឍន៍ ដើម្បីខិតខំកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។
នៅលើពិភពលោក តែងតែមានមនុស្សមួយចំនួនដែលមិនចូលចិត្តឃើញប្រទេសដទៃដែលមានប្រព័ន្ធគ្រប់គ្រងនិងទ្រឹស្តីខុសគ្នាមានការអភិវឌ្ឍន៍ខ្លាំងក្លានោះទេ ហើយតែងមានក្តីព្រួយបារម្ភ ពេលដែលប្រជាជនក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មានជីវភាពល្អប្រសើរឡើង។ ពួកគេតែងលាបពណ៌ទៅលើប្រទេសចិននិងគណបក្សកុម្មុយនិស្តចិនឥតឈប់ឈរ ចង់បំបែកបំបាក់ទំនាក់ទំនងរវាងគណបក្សកុម្មុយនិស្តចិននិងប្រជាជនចិន ក៏ដូចជាចង់បំផ្លាញទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជា។ ប៉ុន្តែវាត្រូវបានវិនាសទាំងស្រុង។ ពាក្យពេចន៍គំរាមកំហែងនិងផ្តួលរលំចិនតាមក្រោមគ្រប់ទម្រង់ត្រូវបានវិនាសបរាជ័យយូរមកហើយ។ ចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជាមិនអាចបំបែកបានឡើយ ហើយសហគមន៍វាសនារួមរវាងប្រទេសទាំងពីរមុតមាំជាងមាស។
យើងមិនអាចបំភ្លេចបានឡើយថា នាគ្រាដំបូងនៃការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាស មិនបិទជើងហោះហើរជាមួយចិន មិនរើសអើងប្រជាជនចិន និង មិនជម្លៀសអ្នកការទូតនិងនិស្សិតខ្មែរចេញពីចិន។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានជំនួយដ៏ថ្លៃថ្លាដល់ភាគីចិន ហើយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនជាបន្ទាន់ក្នុងដំណើរបញ្ច្រាស។ បន្ទាប់ពីកម្ពុជាមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលនិងយោធាចិនបានចាត់បញ្ជូនក្រុមគ្រូពេទ្យមកកាន់ប្រទេសកម្ពុជាមុនគេបង្អស់ បានផ្តល់សម្ភារៈទប់ស្កាត់នឹងជំងឺវីរុសតាមគ្រប់មធ្យោបាយជាច្រើន។ ទោះបីជាប្រទេសចិនមានតម្រូវវ៉ាក់សាំងដ៏សន្ធឹកសន្ធាប់ក្នុងប្រទេសខ្លួនក៏ដោយ ក៏នៅតែចាត់ទុកប្រទេសកម្ពុជាជាទិសដៅអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំង និង បានប្រគល់វ៉ាក់សាំងយ៉ាងច្រើនជូនដល់ភាគីកម្ពុជា ដែលស្មើនឹង៩៥%នៃចំនួនវ៉ាក់សាំងកូវីដសរុបដែលកម្ពុជាទទួលបាន។
ស្ថិតក្រោមលក្ខខណ្ឌនៃជំងឺវីរុសកូវីដ ពាណិជ្ជកម្មចិននិងកម្ពុជាក្នុងឆ្នាំ២០២០បន្តកើនឡើង ទោះបីជាជួបនឹងឧបសគ្គជំងឺវីរុសក៏ដោយ ដែលមានចំនួនទឹកប្រាក់សរុបជាង៩.៥៦ពាន់លានដុល្លារអាមេរិក។ គម្រោងសំខាន់ៗនៃខ្សែក្រវាត់និងផ្លូវត្រូវបានជំរុញយ៉ាងរលូនមានដូចជា គម្រោងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅទីជនបទ និងគម្រោងពហុកីឡាដ្ឋានជាតិមរតកតេជោជាដើម។ កាលពីខែតុលា ឆ្នាំ២០២០ ចិននិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រវត្តិសាស្ត្រ ហើយផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជាត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងមានវត្តមានលើតុអាហាររបស់ប្រជាជនចិន មានដូចជាផ្លែចេក ស្វាយ និងជលផលជាដើម។
ឆ្នាំ២០២១នេះ គឺជាខួបអនុស្សាវរីយ៍លើកទី ១០០ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន និងជាខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ហើយកាលបរិច្ឆេទនៃខួបអនុស្សាវរីយ៍ទាំងពីរនេះនៅកៀកគ្នា កម្មវិធីទាំងពីររៀបចំជាបន្តបន្ទាប់នឹងធ្វើឱ្យបរិយាកាសអបអរសាទរកាន់តែអធឹកអធម។ យើងរំឭកប្រវត្តិសាស្ត្រ ដើម្បីបូកសរុបបទពិសោធន៍ ស្វែងយល់អំពីច្បាប់ និងបង្កើតភាពស្រស់ត្រកាលសម្រាប់អនាគត។ យើងជឿជាក់ដោយមានហេតុផលថា ស្ថិតក្រោមសមិទ្ធផលដ៏អស្ចារ្យជាសតវត្សរ៍ដែលប្រទេសចិននិងកម្ពុជាក៏ដូចជាប្រជាជនទាំងពីរ បានរកឃើញនូវមាគ៌ាអភិវឌ្ឍន៍ដែលសមស្របជាមួយស្ថានភាពរបស់ប្រទេសជាតិខ្លួន និងស្ថិតក្រោមការកសាងសហគមន៍វាសនារួម យើងរួមគ្នា ជួយគ្នានិងគាំទ្រគ្នាទៅវិញទៅមក និងសមិទ្ធផលដែលសម្រេចបាន នឹងត្រូវបានចារក្នុងប្រវត្តិសាស្រ្តដ៏ផូរផង់សម្រាប់ចំណងមិត្តភាពរវាងចិននិងកម្ពុជា ទាំងនេះនឹងក្លាយជាប្រវត្តិសាស្រ្តដ៏ល្បីរន្ទឺយ៉ាងអស្ចារ្យជាមិនខាន៕
ដោយ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា