(ភ្នំពេញ)៖ ក្រុមខ្លាំង Cambodia All Stars របស់កម្ពុជា បន្តធ្វើបានល្អដដែល ដោយប្រកួតឈ្នះក្រុមភ្ញៀវ Lao All Stars របស់ឡាវ ដោយលទ្ធផលបច្ចេកទេស ៣-២ នៅពហុកីដ្ឋានជាតិអូឡាំពិក នៅមុខអ្នកទស្សនាផ្ទាល់ប្រមាណ ជាង៤ម៉ឺននាក់នារាត្រីថ្ងៃទី១៨ មីនានេះ ក្នុងមិត្តភាពអន្តរជាតិ និងរឹតចំណងការទូតខួបលើកទី៦០ឆ្នាំ រវាងកម្ពុជា និងឡាវ ។
ក្នុងជំនួបដ៏ស្វិតស្វាញ និងតានខ្លាំងនោះដែរ កីឡាករពាក់ស្លាកលេខ១៧ ឈិន ឈឿន បានស៊ុតគ្រាប់នាំមុខឲ្យកម្ពុជា នៅនាទីទី៩ មុនពេលរបូត១គ្រាប់វិញនៅនាទីទី១៧ ស៊ុតដោយកីឡាករឡាវ Khampheng Sayavutthi និងកីឡាករនេះដដែល បន្ថែមគ្រាប់ទី២របស់ខ្លួនទៀត នៅនាទីទី៥១ ក្នុងវគ្គទី២ ។
តែយ៉ាងណាក៏ដោយ សំឡេងហ៊ោខ្លាំងៗពីអ្នកគាំទ្ររឹតតែធ្វើឲ្យកីឡាករកម្ពុជា ខិតខំវាយបកឡើងវិញរហូតទទួលបាន ជ័យជំនះ ពីការតែតគ្រាប់តាមស្មើនៅនាទីទី៦១ ដោយកីឡាករ សុខ សុវណ្ណ មុនពេលកីឡាករនាំសំណាង ប្រាក់ មុន្នីឧត្តម ស៊ុតបាល់ប៉េណាល់ទីជ័យជំនះនៅនាទីទី៧៤ ក្នុងជំនួបលើកទី១ទល់នឹង Lao All Stars ក្រោយពេល យកឈ្នះ២ប្រកួតមកហើយ កាលពីជួបក្រុមមកពីថៃ កាលពីខែមករា ឆ្នាំ២០១៦ ក្នុងមិត្តភាពអន្តរជាតិនេះដូចគ្នា ៕