(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ នាំយកអំណោយលោក ស សុខា និងលោកស្រី កែ សួនសុភី ទៅចែកជូនក្រុមនិស្សិតនៃសាកលវិទ្យាល័យជាតិមានជ័យ ៥៤នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅអន្តេវាសិកដ្ឋាន។
អំណោយដែលនាំមកចែកជូនថ្ងៃនេះ រួមមាន ថវិកា ២,៧០០,០០០រៀល អង្ករ ១៣៥០គីឡូក្រាម ទឹកសុទ្ធ ១៦២កេស ទឹកក្រូច ៥៤យួរ មី ៥៤កេស ត្រីខ ៥៤យួរ។ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល អង្ករ ១ការុង ស្មើ ២៥គីឡូក្រាម ទឹកសុទ្ធវីតាល់ ៣កេស មី ១កេស ត្រីខ ១កេស ទឹកក្រូច ១កេស។
គួរបញ្ជាក់ថា មូលហេតុដែលនិស្សិតទាំង ៥៤នាក់ ធ្វើចត្តាឡីស័ក គឺកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ មាននិស្សិតស្រីម្នាក់ក្នុងចំណោមពួកគេ ឈ្មោះ ហ៊ុន សុឡា ជំនាញគ្រឿងយន្តកសិកម្ម ជំនាន់ទី១២ នៃមហាវិទ្យាកសកម្ម និងកែច្នៃអាហារ មានអាការមិនស្រួល ក្តៅខ្លួន ក្រោយឲ្យគ្រូពេទ្យធ្វើរ៉ាប់ពីតេស្ត លទ្ធផលបង្ហាញថា មានវិជ្ជមានកូវីដ១៩ ទើបតម្រូវឲ្យអ្នកពាក់ពន្ធ័ផ្ទាល់និងប្រយោលទាំងត្រូវធ្វើចត្តាឡីស័កទាំងអស់តែម្តង៕