(សៀមរាប)៖ ៦ខែទៀតសេវាទូរស័ព្ទក្នុងតំបន់អង្គរនឹងលែងមានបញ្ហារអាក់រអួលទៀតហើយ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានចាប់ដៃជាមួយក្រុមហ៊ុន Camtower Link Communication Co.,Ltd រៀបចំប្រព័ន្ធចែកចាយសេវាទូរស័ព្ទ (Monopole Tree) នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ។
អាជ្ញាធរជាតិអប្សរា និង ក្រុមហ៊ុន Camtower Link Communication Co.,Ltd បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើដំណើរការ រៀបចំប្រព័ន្ធចែកចាយសេវាទូរស័ព្ទ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ។ ពិធីនេះធ្វើឡើងរវាងលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញា ធរជាតិអប្សរា និង លោក MUHAMMED YUSOFF MOHD ZAMRI ប្រធានគ្រប់គ្រងប្រចាំតំបន់របស់ក្រុមហ៊ុន Camtower Link Communication Co.Ltd។
យោងតាមខ្លឹមសារកិច្ចព្រមព្រៀងនេះ បានបញ្ជាក់ថា ក្រុមហ៊ុននឹងតម្លើងបង្គោលដើមឈើសិប្បនិមិត្តចំនួន ៦ទីតាំង ដែលអាចឲ្យ ក្រុមហ៊ុនទូរស័ព្ទផ្សេងៗ បំពាក់អង់តែនរបស់ខ្លួន ដើម្បីផ្តល់សេវាក្នុងរមណីយដ្ឋានអង្គរឲ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុននឹងចាប់ដំណើរសកម្មភាពរបស់ខ្លួនបន្ទាប់ពីថ្ងៃចុះហត្ថលេខានេះទៅ ដែលត្រូវចំណាយរយៈពេលប្រមាណ ៦ខែ។
មន្រ្តីអាជ្ញាធរជាតិអប្សរាកន្លងមកមានក្រុមហ៊ុនទូរស័ព្ទមួយចំនួន បានដាក់ពាក្យស្នើសុំអាជ្ញាធរជាតិអប្សរា ដើម្បីតម្លើងអង់តែនទូរស័ព្ទរបស់ខ្លួន ក្នុងរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរាបានទទួលយកសំណើដោយបានអញ្ជើញក្រុមហ៊ុនទាំងនោះ មកធ្វើបទបង្ហាញអំពីលក្ខណៈបច្ចេកទេសជាបន្តបន្ទាប់។ លើសពីនេះទៀត អាជ្ញាធរជាតិអប្សរា ក៏បានសហការជាមួយក្រសួងប្រៃសណីយ និងទូរគម នាគមន៍ ដើម្បីពិនិត្យរកក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណផ្តល់ទីតាំងចែកចាយសេវាត្រឹមត្រូវ។
ក្រោយពិនិត្យឃើញថា ក្រុមហ៊ុន Camtower Link Communication Co.Ltd នេះ មានលក្ខណៈបច្ចេកទេស និង សិទ្ធិគ្រប់គ្រាន់ ដើម្បីតម្លើង និង ចែកចាយដោយស្របច្បាប់ ទើបអាជ្ញាធរជាតិអប្សរាឆ្លងយោបល់បច្ចេកទេសជាមួយគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ និងបង្កើតក្រុមការងារចុះសិក្សាលម្អិតរហូតសម្រេចដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅពេលនេះ។
បច្ចុប្បន្នក្នុងរមណីយដ្ឋានអង្គរ មានសេវាទូរស័ព្ទតិចតួច ដែលធ្វើឲ្យមានភាពលំបាកដល់ការទំនាក់ទំនង។ មូលហេតុដោយសារកន្លងមកមិនមានក្រុមហ៊ុនណាមានលក្ខណៈសម្បត្តិ និង បច្ចេកទេសគ្រប់គ្រាន់ ដើម្បីផ្តល់សេវាចែកចាយប្រព័ន្ធទូរស័ព្ទស្របតាមតម្លៃទេសភាពវប្បធម៌ក្នុងរមណីយដ្ឋានអង្គរនៅឡើយ។
ដោយឡែកក្រុមហ៊ុន Camtower Link Communication Co.Ltd មានគំនិតច្នៃប្រឌិតបង្កើតដើមឈើសិប្បនិមិត្តនេះឡើង អាចផ្តល់ការចែកចាយដល់ក្រុមហ៊ុនទូរសព្ទផ្សេងៗបំពាក់សេវារបស់ខ្លួន ជំនួសឲ្យការសាងសង់អង់តែនគ្រប់ក្រុមហ៊ុនទូរសព្ទច្រើនស្អេកស្កះក្នុងរមណីយដ្ឋានអង្គរ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ទេសភាពវប្បធម៌។
គំនិតច្នៃប្រឌិតនេះ ក៏ស្របតាមអនុសាសន៍ណែនាំរបស់គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ ហើយជាប្រភេទអង់តែន ដែលបណ្តាប្រទេសមួយចំនួនបានធ្វើរួចមកហើយ គឺក្នុងន័យការពារទេសភាពវប្បធម៌ ស្របតាមបទដ្ឋានរបស់តំបន់បេតិកភណ្ឌពិភពលោក ។ អាជ្ញាធរជាតិអប្សរាសម្រេចទទួលយកគម្រោងនេះ ដោយចុះកិច្ចសន្យាមិនផ្តាច់មុខ ដើម្បីឲ្យប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ដែលចូលមកទស្សនារមណីយដ្ឋានអង្គរ មានសេវាទូរសព្ទប្រើប្រាស់ដូចតំបន់ដទៃទៀតដែរ៕