(ភ្នំពេញ)៖ លោក សុខ ហេង នាយកអភិវឌ្ឍន៍ផ្នែកធុរកិច្ច ក្រុមហ៊ុន GFGI បានបង្ហាញពីភាពខុសគ្នារវាងការជួញដូរមូលបត្រ និងការជួញដូរឧបករណ៍និស្សន្ទ ដើម្បីឲ្យអ្នកមានបំណងចង់វិនិយោគបានយល់ដឹងកាន់តែច្បាស់ មុននឹងចាប់ផ្ដើមវិនិយោគលើវិស័យណាមួយ។
ក្នុងកិច្ចសម្ភាសកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News ក្រោមប្រធានបទស្ដីពី «អ្វីទៅជាភាពខុសគ្នារវាងការជួញដូរមូលបត្រ និងការជួញដូរឧបករណ៍និស្សន្ទ?» លោក សុខ ហេង បានពន្យល់មួយផ្នែកៗឲ្យច្បាស់ៗថា ទីផ្សារមូលបត្រជាកន្លែងទិញ-លក់មូលបត្រ ឬហៅម្យ៉ាងទៀតថា ទីផ្សារហ៊ុន ព្រោះផលិតផលលក់ដំបូងគេលើទីផ្សារ គឺជាភាគហ៊ុន ដូច្នេះហើយទើបហៅទីផ្សារនេះជាទីផ្សារភាគហ៊ុន ប៉ុន្ដែមិនមែនមានតែទីផ្សារភាគហ៊ុនមួយមុខឡើយ ដែលត្រូវបានដាក់លក់ តែឧបករណ៍ផ្សេងៗទៀត ដែលបានដាក់លក់លើទីផ្សារនេះផងដែរ រួមមានឧបករណ៍និស្សន្ទ និងមូលបត្របំណុលជាដើម។
លោកបន្ថែមថា ទីផ្សារមូលបត្រ ត្រូវបែងចែកជា២ប្រភេទ គឺទីផ្សារដំបូង និងទីផ្សារបន្ទាប់។ ទីផ្សារដំបូងជាកន្លែងមូលបត្រ ត្រូវបានបោះចេញដោយក្រុមហ៊ុនបោះផ្សារលក់មូលបត្រ និងលក់ដល់សាធារណជន ដើម្បីទទួលបានហិរញ្ញាប្បទាន ឬមូលធនយកទៅវិនិយោគ ក្នុងដំណាក់កាលដំបូងនេះ ដែលក្រុមហ៊ុន ឬសហគ្រាសប្រមូលទុនពីសារធារណជន ឬវិនិយោគិន ដែលបានទិញមូលបត្រ ដែលបោះផ្សាយចេញពីក្រុមហ៊ុន។
លោកបញ្ជាក់ថា ដំណាក់កាលដែលក្រុមហ៊ុនទិញមូលបត្រជាសាធារណនេះ (IPO) ហើយដែលហៅថា ទីផ្សារកម្មសិទ្ធិ។ នៅក្នុងដំណាក់កាលដំបូងនេះ វិនិយោគិនអាចទិញមូលបត្រ ដោយផ្ទាល់ពីក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ រាល់ការបោះផ្សាយលក់មូលបត្រ ជាសាធារណនៅប្រទេសកម្ពុជា ត្រូវបានអនុញ្ញាតជាមុនពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) តែមួយគត់។
លោក សុខ ហេង ក៏ពន្យល់បន្ថែមទៀតអំពី ទីផ្សារបន្ទាប់ គឺជាកន្លែងដែលមូលបត្រ ត្រូវបានជួញដូរបន្ដរវាងអ្នកទិញ និងអ្នកលក់ មានន័យថា វិនិយោគិនបានទិញមូលបត្ររួចរាល់នៅទីផ្សារដំបូង និងដាក់លក់ចេញឲ្យវិនិយោគិនមួយទៀតទិញបន្ដ។ ដោយឡែកប្រាក់ដែលបានមកពី សកម្មភាពជួញដូរលើទីផ្សារបន្ទាប់ បានទៅអ្នកកាន់កាប់មូលបត្រ មិនមែនជាក្រុមហ៊ុនបោះផ្សាយទៀតឡើយ ពោលគឺក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ មិនទទួលបានផលប្រយោជន៍ពីការទិញលក់នេះទេ ហើយអ្នកដែលផ្ដល់កន្លែងសម្រាប់ការជួញដូរ សម្រាប់ទីផ្សារបន្ទាប់ គឺផ្សារមូលបត្រកម្ពុជា។
ចំពោះការជួញដូរឧបករណ៍និស្សន្ទវិញ លោក សុខ ហេង ពន្យល់ថា សំដៅលើការជួញដូរលើគម្លាតថ្លៃហិរញ្ញវត្ថុដូចជា រូបិយប័ណ្ណអន្ដរជាតិ, លោហធាតុមានតម្លៃ, មាស, ប្រាក់, ប្រេងឆៅ ដែលជាផលិតផលកសិកម្ម និងឧស្សាហកម្ម សំដៅលើការជួញដូរ នៅថ្ងៃអនាគត។ ជាឧទាហរណ៍ថា ប្រសិនបើមានលុយ១០០ដុល្លារ ខ្ញុំដូរនៅពាណិជ្ជករដូរលុយតាមទីផ្សារ ទាំងនេះក៏អាចចាត់ទុកថា ជាការជួញដូរលើឧករណ៍និស្សន្ទដែរ។ មួយវិញទៀតបើខ្ញុំមានលុយ១០០ដុល្លារ ខ្ញុំចង់បានជាដុល្លារ ប៉ុន្ដែមើលទៅលើអត្រាការប្រាក់រវាងការទិញចូល និងលក់ចេញ ដូច្នេះសម្រាប់អត្រាការប្រាក់ទិញចូលមានតម្លៃ៤១០០រៀល តែការលក់ចេញស្មើនឹង៤០៨០រៀល នេះហៅថាគម្លាតថ្លៃដូច្នេះ១០០ដុល្លារដែលបានលក់ឲ្យ ពាណិជ្ជករដូរលុយខ្ញុំទទួលបានត្រឹមតែ ៤០៨០០០រៀល នេះជាការជួញដូរឧបករណ៍និស្សន្ទ ប៉ុន្ដែមិនមែនជាការជួញដូរផ្លូវការនោះឡើយ។
លោកបញ្ជាក់ថា «ការជួញដូរឧបករណ៍និស្សន្ទផ្លូវការ ជាការជួញដូរលើហាងឆេងមាស, ប្រាក់, រូបិយបណ្ណអន្ដរជាតិ តាមប្រព័ន្ធអេឡិចត្រូនិក និងធ្វើបានតែនៅលើឧបករណ៍ Smart Phone ឬកុំព្យូរទ័រ នេះហៅថាការជួញដូរឧបករណ៍និស្សន្ទ»។
លោកបញ្ជាក់ថា ការជួញដូរទាំង២ប្រភេទនេះ អាចធ្វើឲ្យសាធារណជនទាំងអស់ ទទួលបានប្រាក់ចំណេញ ប្រសិនសាធារណជនទាំងនោះយល់ច្បាស់ពី ការវិភាគលើវិស័យសេដ្ឋកិច្ច, នយោបាយ ឬបច្ចេកទេសនៃផលិតផលទាំងពីរប្រភេទនេះ។ ប៉ុន្ដែទោះជាយ៉ាងណាក្ដី រាល់ការវិនិយោគសុទ្ធតែមានហានីភ័យ ដូច្នេះប្រសិនបើសាធារណជន ចង់វិនិយោគលើវិស័យទាំង២នេះ មិនថាឧបករណ៍និស្សន្ទ ឬមូលបត្រនោះឡើយ ត្រូវតាមដានឲ្យជាប់លាប់ និងច្បាស់លាស់អំពីស្ថានភាពសេដ្ឋកិច្ច ស្ថានភាពនយោបាយ និងជ្រើសរើសយកក្រុមហ៊ុន ដែលត្រឹមត្រូវក្នុងការវិនិយោគ។ អ្វីដែលសាធារណជនត្រូវចាំបំផុតនោះ គឺរាល់ការវិនិយោគសូមប្រើប្រាស់ដើមទុន ដែលមិនមានតម្រូវការ ដើម្បីបញ្ជៀសនូវរាល់ហានីភ័យនានា៕