(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទររុក្ខទិវា ៩កក្កដា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌច្បារអំពៅ បានដាំដើមផ្កាសាគូរ៉ា នៅសួនច្បារមុខវត្តនិរោធរង្សី អោយមានសោភ័ណ្ឌភាព បរិស្ថានស្រស់ស្អាត។

ពិធីដាំដើមឈើនៅតាមផ្លូវជាតិលេខ១ មុខវត្តនិរោធរង្សីនេះ បានឡើងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងមានការនិមន្តចូលរួមពីព្រះអគ្គញាណ ស្រេង សុខា ព្រះចៅអធិការវត្តនិរោធរង្សី ព្រមទាំងព្រះសង្ឃជាច្រើនអង្គ លោក-លោកស្រី ជាអភិបាលរងខណ្ឌ កងកម្លាំងនគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងយុវជនខណ្ឌ និងមន្ត្រីសាលាខណ្ឌជាច្រើនរូបទៀត។

លោកអភិបាលខណ្ឌ បានជំរុញដល់អាជ្ញាធរសង្កាត់ ត្រូវយកចិត្តទុកដាក់ចូលរួមដាំដើមឈើគ្រប់ប្រភេទ នៅតាមទីវត្តអារាម សាលារៀន ភូមិឋាន ប្រឡាយទឹក ដងផ្លូវ និងនៅតាមទីសាធារណៈនានា។

ការដាំដើមឈើនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា គឺមានគោលបំណងជួយថែរក្សាបរិស្ថាន បង្កើនទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់ សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាពិសេស គឺជួយកែប្រែបរិយាកាសធម្មជាតិ នៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានាឲ្យកាន់តែល្អប្រសើរថែមទៀត។

លើសពីនេះទៀត ត្រូវនាំគ្នាថែទាំដើមឈើឲ្យរស់លូតលាស់ល្អ ហើយត្រូវជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឲ្យចូលរួមសកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែផងដែរ ឲ្យបានគ្រប់ទីកន្លែងទាំងអស់ ដែលមានដីទំនេរសម្រាប់ ទុកជាគុណប្រយោជន៍របស់ខ្លួនយើង ក្រុមគ្រួសារយើង និងរបស់សង្គមជាតិយើង។

លោកអភិបាលខណ្ឌ បានផ្ដាំផ្ញើដល់មន្ត្រីសាលាខណ្ឌ គ្រប់ផ្នែក គ្រប់ការិយាល័យ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃគ្រប់អង្គ ត្រូវបន្ដយកចិត្តទុកដាក់អនុវត្តតាម អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការ ៣កុំ និង៣ការពារ និងគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល៕