(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំង តាំងពីម្សិលមិញ និងព្រឹកថ្ងៃទី២៨ ខែមិថុនានេះ នៅតែបន្តសម្រុកមកទទួលការចាក់វ៉ាក់សាំង ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចាប់ផ្តើមពីថ្ងៃ២៧ ខែមិថុនា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ តែងបានចុះធ្វើការត្រួតពិនិត្យទីតាំង ចាក់វ៉ាក់សាំងជារឿយៗ និងបានជម្រុញឲ្យក្រុមការងារ ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដី សម្រុកចាក់វ៉ាក់សាំងនេះឲ្យបានលឿន និងបានគ្រប់គ្នា សម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបាននូវការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។

ប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅ ដែលបានមកចាក់វាក់សាំងប្រឆាំងកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា ចំពោះការយឺតយ៉ាវ និងបានមកទទួលការចាក់វ៉ាក់សាំងនេះ ដោយសារតែនៅពេលអាជ្ញាធរអញ្ជើញឲ្យពួកគាត់ មកចាក់នោះ ពួកគាត់មានជំងឺ និងមួយចំនួនទៀតជាប់ទៅស្រុកកំណើត ទើបអាក់ខានមិនបាន មកទទួលការចាក់វ៉ាក់សាំងនេះ។ ពួកគាត់ពិតជាអរគុណណាស់ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានពន្យាពេលឲ្យបានការចាក់វ៉ាក់សាំង ចំពោះពួកគាត់ដែលមិនទាន់បានមកចាក់នាពេលកន្លងមក បានចាក់នៅពេលនេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចំពោះប្រជាពលរដ្ឋ ដែលមិនបានទទួលទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅ១៣ខណ្ឌ ក្នុងរាជធានីភ្នំពេញ មានចំនួនសរុប១៩,៣៩៩នាក់ ក្នុងនោះ នៅខណ្ឌកំបូល សល់ចំនួន៩៨៧នាក់, ខណ្ឌពោធិ៍សែនជ័យ សល់ចំនួន៤,៩៨០នាក់, ខណ្ឌទួលគោក សល់ចំនួន១,២៩៧នាក់, ខណ្ឌ៧មករា សល់ចំនួន៧៥៥នាក់, ខណ្ឌដូនពេញ សល់ចំនួន៥២១នាក់, ខណ្ឌបឹងកេងកង សល់ចំនួន៧០២នាក់, ខណ្ឌចំការមន សល់ចំនួន២២២នាក់, ខណ្ឌដង្កោ សល់ចំនួន១៨៨៧នាក់, ខណ្ឌជ្រោយចង្វារ សល់ចំនួន២,៥៩០នាក់, ខណ្ឌឬស្សីកែវ សល់ចំនួន៣០០នាក់, ខណ្ឌច្បារអំពៅ សល់ចំនួន១,៨៧៣នាក់, ខណ្ឌមានជ័យ រួចរាល់ ខណ្ឌសែនសុខ នៅសល់ចំនួន១,៧៦១នាក់ និងព្រែកព្នៅ នៅសល់ចំនួន១,៥២៤នាក់។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅភូមិសាស្ត្ររាជធានីភ្នំពេញ។

ដើម្បីឈានទៅសម្រេចលទ្ធផលឲ្យបាន ជោគជ័យ១០០ភាគរយ ស្របតាមផែនការ យុទ្ធសាស្ត្ររបស់ គណៈកម្មការចាក់វ៉ាក់សាំង និងរាជរដ្ឋាភិបាល ដែលគ្រោងបិទបញ្ចប់ យុទ្ធនាការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ នៅសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២១នោះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ ស្នាក់នៅ ប្រកបអាជីវកម្មមុខរបរផ្សេងៗ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលពុំទាន់បានទទួល ការចាក់វ៉ាក់សាំង អញ្ជើញរួសរាន់មកចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ កុំបីខាននៅតាមទីតាំង ដែលបានកំណត់ក្នុងខណ្ឌទាំង១៤៕