(កណ្ដាល)៖ ប្រជាពលរដ្ឋចំនួន១៨គ្រួសារ នៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ដែលមានដីសរុបជិត២០ហិកតា ស្នើសុំអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយពិនិត្យលើករណីដែលពលរដ្ឋស្នើសុំលិខិតកាន់កាប់ដីអាស្រ័យផលរបស់ពួកគាត់ ក្រោយមានការលំបាកក្នុងកិច្ចការនេះ។

លោក វ៉ិត ក្ដាន់ តំណាងពលរដ្ឋទាំង១៨គ្រួសារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះថា ដីទំហំជិត២០ហិកតានេះ ពួកគាត់ពលរដ្ឋកាន់កាប់តាំងពីឆ្នាំ១៩៨០មកម្លេះ ដោយបានអាស្រ័យផលដំណាំកសិកម្មជារៀងរហូតមកដល់បច្ចុប្បន្ន។

រហូតមកដល់ឆ្នាំ២០១៧ ពួកគាត់ក៏បានស្នើសុំទៅអាជ្ញាធរឃុំទឹកវិល ប៉ុន្តែអាជ្ញាធរពុំបានចេញលិខិតកាន់កាប់ទៅពួកគាត់នោះទេ ដោយប្រាប់ថាដីនេះជាអាងស្តុកទឹករបស់រដ្ឋទៅវិញ។

លោក វ៉ិត ក្ដាន់ បានបន្តថា ដោយសារពួកគាត់មានជីវភាពមិនសូវធូរធារ ជាកសិករមានដីអាស្រ័យបន្តិចបន្តួចតាំងយូរឆ្នាំមកហើយ ដូច្នេះមានតែស្នើសុំលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មេត្តាជួយពិនិត្យលើករណីនេះផង៕