(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃអង្គការក្រៅរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល សុំមិនបញ្ចេញឈ្មោះបានលួចទម្លាយប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចនាល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះថា កញ្ញា ស្រីមុំ ដែលគេដឹងថា ជាស្រីស្នេហ៍របស់លោក កឹម សុខា ត្រូវបានអង្គការក្រៅរដ្ឋាភិបាល ដែលគាំទ្របក្សប្រឆាំងមានបំណងចង់ជម្លៀសពីប្រទេសកម្ពុជា ទៅក្រៅប្រទេស ក្នុងគោលបំណងដើម្បីបំផ្លាញភស្តុតាង និងបំបិទមាត់សាក្សីដ៏សំខាន់ ក្នុងរឿងអាស្រូវផ្លូវភេទជាមួយប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ។
ពាក់ព័ន្ធនឹងករណីចង់ជម្លៀសសាក្សីដ៏សំខាន់នេះ សមត្ថកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាក៏បានដឹងអំពីផែនការដ៏អាក្រក់នេះផងដែរ។
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដដែលរូបនោះ បានបញ្ជាក់ទៀតថា ទង្វើរបស់អង្គការក្រៅរដ្ឋាភិបាល ដែលមានបំណងជម្លៀសកញ្ញា ស្រីមុំ គួរកុំធ្វើសកម្មភាពបែបនេះអី ព្រោះស្រីមុំជាសាក្សីដ៏សំខាន់ក្នុងរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ហើយការធ្វើបែបនេះ មិនដឹងថា តើជោគវាសនា របស់កញ្ញា ស្រីមុំ ទៅជាយ៉ាងណានោះទេ។
សូមជំរាបថា យោងតាម Facebook «រឿងពិត CNRP» នៅវេលាថ្ងៃត្រង់ទី១៨ ខែមីនា បានបង្ហោះសារសម្លេងឆ្លងឆ្លើយ រហូតដល់វគ្គទី៣២ វគ្គចំណុចលោក កឹម សុខា យកលុយ៤០០០ដុល្លារ ដែលប្រមូលបានពីអាមេរិក ឲ្យទៅស្រីស្នេហ៍ឈ្មោះ ពៅ បើកហាងរកស៊ី៕